Swift cc time

«ព្រះសិរ និងព្រះនេត្រចម្លាក់ទេពចំនួន ២» នៅខ្លោងទ្វារជ័យ បានរៀបចំភ្ជាប់ និងបើកព្រះនេត្រ ដើម្បី«នាំព្រលឹងដូនតាខ្មែរ»វិលមកជួយថែរក្សាអង្គរឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោះព្រំ ភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ»។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការរ​និមន្ត​ចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម តំណាងអង្គការ UNESCO ប្រចាំកម្ពុជា តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពទាំង២ មានអត្ថន័យសំខាន់សម្រាប់មហានគរខ្មែរ ដោយត្រូវបានចាត់ទុកថាជាការនាំ «ព្រលឹងដូនតាខ្មែរ» ឱ្យវិលត្រឡប់មកជួយថែរក្សាអង្គរឡើងវិញ ព្រមទាំងបង្ហាញពីបរិយាកាសសន្តិភាព និងសុវត្ថិភាពនៅកម្ពុជា។

ខ្លោងទ្វារជ័យ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលព្រះមហាក្សត្រខ្មែរធ្លាប់ប្រារព្ធពិធីសំខាន់ៗ ដូចជាព្រះរាជពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។ ដូច្នេះ ការរៀបចំចម្លាក់ឡើងវិញ មិនត្រឹមតែជួយលើកសោភ័ណភាពតំបន់បេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលទៅគោរពបូជាផងដែរ។

លោកស្រីបន្តថា ចម្លាក់ទេព និងអសុរៈដែលនៅអមខ្លោងទ្វារជ័យ បានឆ្លងកាត់ទាំងសម័យរុងរឿង និងគ្រាលំបាក ព្រមទាំងសង្គ្រាមជាច្រើនជំនាន់។ ទោះបីចម្លាក់មួយចំនួនបានបាត់បង់ផ្នែកខ្លះនៃរាងកាយក៏ដោយ ក៏វានៅតែជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។

នៅអមខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ មានចម្លាក់ទេព និងអសុរៈទាញព្រ័ត្រសរុបចំនួន ១០៨។ ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងអតីតកាល ព្រះសិរចម្លាក់ធ្វើពីថ្មភក់ជាច្រើនត្រូវបានបាត់បង់ និងបែកខ្ញែកទៅកាន់ទីតាំងផ្សេងៗ ទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។

អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការគាំទ្រពីដៃគូអន្តរជាតិ ដូចជា UNESCO បារាំង ជប៉ុន និងសហរដ្ឋអាមេរិក បានខិតខំស្វែងរក ប្រមូល និងនាំយកព្រះសិរចម្លាក់ទេព និងអសុរៈត្រឡប់មកកាន់កម្ពុជា។ ចម្លាក់មួយចំនួនត្រូវបានរកឃើញតាមរយៈការស្រាវជ្រាវ និងកំណាយ ខណៈមួយចំនួនទៀតត្រូវបានរក្សាទុកនៅអភិរក្សដ្ឋានអង្គរ សារមន្ទីរ និងត្រូវបាននាំត្រឡប់ពីបរទេស។

បច្ចុប្បន្ន ព្រះសិរចម្លាក់ដែលបាត់បង់ភាគច្រើនត្រូវបានរកឃើញ និងនាំត្រឡប់មកវិញ នៅសល់តែព្រះសិរចំនួន៣ ដែលកំពុងតម្កល់នៅសារមន្ទីរបរទេស ហើយអាជ្ញាធរជាតិអប្សរាកំពុងបន្តស្វែងរក និងចរចា ដើម្បីនាំយកមកប្រទេសកម្ពុជាវិញនៅពេលខាងមុខ។

លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះការរៀបចំពិធីនេះ ដោយចាត់ទុកថាជាសក្ខីភាពមួយនៃការគោរព និងថែរក្សាវប្បធម៌ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកបញ្ជាក់ថា UNESCO បានបន្តគាំទ្រកម្ពុជាតាមរយៈគណៈកម្មាធិការ ICC-Angkor តាំងពីឆ្នាំ១៩៩៣ ហើយបានសហការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការអភិរក្ស និងថែរក្សាអង្គរអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

ចំណែកលោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាដៃគូសំខាន់របស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសម្បត្តិវប្បធម៌ និងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ សហរដ្ឋអាមេរិកបានជួយនាំវត្ថុបុរាណ និងស្នាដៃសិល្បៈប្រមាណ ៩០០ មកកាន់ប្រទេសកម្ពុជាវិញ។

យុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការបន្តអភិរក្ស និងស្តារឡើងវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ខណៈការនាំយកចម្លាក់ទៅតម្កល់នៅទីតាំងដើម ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាបេតិកភណ្ឌខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយ៕

Khcct banner

អត្ថបទទាក់ទង