681 ezgif.com resize
Swift cc time

លោកបណ្ឌិត កៅ ថាច លើកទឹកចិត្តកសិករត្រូវមាន«មោទនភាព»ខ្លួនឯង ដែលរួមចំណែកផលិតអង្ករជួយសេដ្ឋកិច្ចជាតិ និងនាំចេញទៅជាង៦០ប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តកំពង់ធំ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកទឹកចិត្តដល់កសិករត្រូវមានមោទនភាពលើខ្លួនឯង ព្រោះបើមិនមានកសិករ ក៏មិនមានទីផ្សារអង្ករដែរ ព្រោះកសិកម្មមិនត្រឹមតែចិញ្ចឹមប្រទេសទេ គឺជាឆ្នាំងបាយរបស់ពិភពលោក តាមរយៈការនាំចេញអង្ករយើងទៅជាង៦០ប្រទេសផងដែរ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមកពីបណ្ដាសហគមន៍កសិកម្មមួយចំនួននៃស្រុកទាំងអស់ស្ថិតនៅខេត្តកំពង់ធំ។

នាឱកាសនោះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនប្រជាកសិករមកពីបណ្តាសហគមន៍កសិកម្មនៃស្រុកនានាក្នុងខេត្តកំពង់ធំថា ការជួបជុំកសិករនៅថ្ងៃនេះគឺចង់ផ្តល់ជូននូវព័ត៌មានថ្មីៗលើវិស័យកសិកម្មជាពិសេសកសិករត្រូវតែពង្រឹងផលិតភាពឲ្យបានខ្ពស់លើការផលិតក្នុងដំណាក់ កាលជីគីមីឡើងថ្លៃដែលបញ្ហានេះមិនត្រឹមតែផ្តល់ការលំបាកដល់កសិករយើងប៉ុណ្ណោះទេ គឺកសិករលើពិភពលោកក៏ជួបប្រទះបញ្ហាដូចគ្នាដែរ។

ត្រង់ចំណុចនេះដែរ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា បងប្អូនសហគមន៍ និងកសិករនៅទីនេះត្រូវរួបរួមគ្នាផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី ជួយកាត់បន្ថែមថ្លៃដើមផលិត ទោះបីឆ្នាំនេះបានផលតិច តែជាជំហ៊ានមួយអាចប្រសើរនៅឆ្នាំបន្ទាប់ទៀត ដែលកសិករយើងធ្វើកសិកម្មបានចំណេញ និងលក់បានថ្លៃ។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ បង្កើតឡើងក្នុងបំណងបម្រើប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជាឆ័ត្រសម្រាប់កសិករជ្រក ដោយចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និងធ្វើជាស្ពានដើរឬភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងការតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។

បន្ទាប់ពីប្រសាសន៍សំណេះសំណាលរបស់លោកបណ្ឌិតប្រតិភូ រួចមកក៏មានការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសមាគមបណ្តាញកសិករតេជោ អនុស្សារណៈនៃយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល និងសមាគមបណ្តាញកសិករតេជោផងដែរ៕


Khcct banner

អត្ថបទទាក់ទង