681 ezgif.com resize
Swift cc time

កម្ពុជា សហការជាមួយដៃគូអន្តរជាតិ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបង្ក្រាប Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» 

ព្រះសីហនុ៖រាជរដ្ឋាភិបាលកម្ពុជា សហការគ្នាជាមួយអង្គការដៃគូអន្តរជាតិនានា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និង ស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃឧក្រិដ្ឋកម្មឆ្លងដែននាសម័យឌីជីថល។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង ជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ជាមួយដៃគូអន្តរជាតិមានជាអាទិ៍៖ មន្ត្រីជំនាញមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស (UNODC), ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប (EU) និង តំណាងក្រសួងនានា។

លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងថា បច្ចុប្បន្នបទល្មើសបច្ចេកវិទ្យាមានទម្រង់កាន់តែស្មុគស្មាញ ដោយសារឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបៗធ្វើជាឧបករណ៍បោកប្រាស់ និង អូសទាញជនរងគ្រោះ។ កត្តានេះ ទាមទារឱ្យសមត្ថកិច្ចជំនាញត្រូវយល់ដឹងកាន់តែច្បាស់អំពីយន្តការច្បាប់ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបោសសម្អាតអំពើឆបោកទាំងនេះឱ្យអស់ពីកម្ពុជា។

លោក ឆៃ ស៊ីណារិទ្ធ ថ្លែងថា "ស្ទើរគ្រប់ប្រទេសទាំងអស់ទទួលស្គាល់ថា បញ្ហានេះជាបញ្ហាឆ្លងដែន ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានឡើយ។ ក្នុងនាមជាប្រទេសតូច បើកចំហ និងកំពុងអភិវឌ្ឍ កម្ពុជាបានក្លាយជាគោលដៅដែលបណ្ដាញឧក្រិដ្ឋជនបរទេស ព្យាយាមមកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រតិបត្តិការ។ ប៉ុន្តែ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជា ក្លាយជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនអន្តរជាតិឡើយ។"

រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្ន បានប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការជួញដូរមនុស្ស ជាកិច្ចការអាទិភាពខ្ពស់បំផុត ដោយបាននិងកំពុងដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងខ្លាំងក្លាជាបន្តបន្ទាប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើសកលលោកទាំងមូល៕

Khcct banner

អត្ថបទទាក់ទង