681 ezgif.com resize
Swift cc time

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសំខាន់ៗចូលគោរពសម្តែងការដឹងគុណ សម្តេច គាត ឈន់ ដែលជួយកសាងសេដ្ឋកិច្ចកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី ២០ ឧសភានេះ បានដឹកនាំមន្ត្រីសំខាន់ៗរបស់លោកចូលជួបសម្តែងការដឹងគុណ សម្តេច គាត ឈន់ ដែលបច្ចុប្បន្នមានតំណែងជា ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។សម្តេច គាត ឈន់ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ មីនា ២០២៦ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជា«សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។

ការដឹកនាំមន្ត្រីទៅពេលនេះ ត្រូវបានលោក ស៊ុន ចាន់ថុល ពន្យល់ថា គឺដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ធំធេង និង ស្នាដៃប្រវត្តិសាស្ត្រជាច្រើនរបស់សម្តេច គាត ឈន់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ដឹកនាំ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យមានការរីកចម្រើនជាលំដាប់ ចាប់តាំងពីដំណាក់កាលស្តារប្រទេសឡើងវិញ រហូតសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំមកទល់បច្ចុប្បន្ន។

គួរបញ្ជាក់ថា បច្ចុប្បន្ន សម្តេច គាត ឈន់ មានអាយុជាង៩០ឆ្នាំ គឺជាមន្ត្រីជំនាញផ្នែកសេដ្ឋកិច្ច និង ជាមន្ត្រីជាន់ខ្ពស់តាំងពីសម័យសង្គមរាស្ត្រនិយម ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៣។សម្តេចធ្លាប់ត្រូវបានឡើងឋានៈ ជា ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលងារជា «កិត្តិបរិរក្សបណ្ឌិត» ហើយចុងក្រោយនេះ ទទួលបានងារ «សម្តេចសេដ្ឋវិទូភក្តី»។

កន្លងទៅសម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងសរសើរ សម្តេច គាត ឈន់ គឺមានជំនាញមួយ គឺការផ្ទេរចំណេះដឹង និង ចំណេះធ្វើទៅឲ្យអ្នកជំនាន់ក្រោយ ក្នុងនោះក៏មានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបច្ចុប្បន្នផងដែរ។សម្រាប់សម្តេច ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ សម្តេចមានមេផ្ទះដ៏ល្អ២រូបទី១ សម្តេច គាត ឈន់ និង ទី២ លោក អូន ពន្ធ័មុនីរ័ត្ន។សម្តេចចាត់ទុកថា ឥស្សរជនទាំងពីរនាក់នេះ គឺជាមេផ្ទះដ៏ល្អ មិនមែនជាស្រីកញ្ជើធ្លុះ តែជាមេផ្ទះចេះសន្សំ៕


Khcct banner

អត្ថបទទាក់ទង