Yearendyearend1140x150

អាមេរិកព្រមានក្រុមហ៊ុនចិនមិនឲ្យជួយរុស្ស៊ីប្រឆាំងការដាក់ទណ្ឌកម្មជុំវិញបញ្ហាអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកព្រមានក្រុមហ៊ុនចិនមិនឲ្យជួយរុស្ស៊ីប្រឆាំងការដាក់ទណ្ឌកម្មជុំវិញបញ្ហាអ៊ុយក្រែន ប្រភពរូប៖ CNA

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានព្រមានក្រុមហ៊ុនចិន ថាពួកគេនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើពួកគេព្យាយាមគេចពីការគ្រប់គ្រងការនាំចេញណាមួយ ដែលដាក់លើទីក្រុងមូស្គូ ជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែកុម្ភៈ។ ដោយការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសចិន និងរុស្ស៊ីបានសម្របសម្រួលតួនាទីរបស់ពួកគេលើអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិននិងរុស្ស៊ីនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។

លោក Ned Price បាននិយាយថា «យើងមានឧបករណ៍ជាច្រើន ដែលយើងអាចដាក់ពង្រាយបាន ប្រសិនបើយើងឃើញក្រុមហ៊ុនបរទេសរួមទាំងក្រុមហ៊ុននៅក្នុងប្រទេសចិន ដែលកំពុងបំពេញនូវសកម្មភាពត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក»។

ទន្ទឹមនឹងនេះបណ្តាប្រទេសលោកខាងលិចបានបញ្ជាក់ថា សកម្មភាពណាមួយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន នឹងនាំមកនូវការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ហើយទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនបានត្រៀមខ្លួន ដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ក៏ដូចជាវិធានការត្រួតពិនិត្យការនាំចេញផងដែរ។

មន្ត្រីសន្តិសុខជាតិសេតវិមានលោក Peter Harrell បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើវិធានការត្រួតពិនិត្យការនាំចេញជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី រួមទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានពិភាក្សាបន្ថែមអំពីផលប៉ះពាល់សក្តានុពលនៃសកម្មភាពរបស់រុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែននៅក្នុងជំនួបតាមទូរស័ព្ទកាលពីសប្តាហ៍មុន។

ក្រសួងការបរទេសចិនបាននិយាយថា លោក Wang បានជួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ហើយបានសម្តែង "ការយោគយល់ និងការគាំទ្រ" សម្រាប់គោលជំហររបស់រុស្ស៊ីស្តីពីសន្តិសុខទាក់ទងនឹងទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ។

ថ្មីៗនេះ ភាពតានតឹងរវាងរុស្ស៊ី និង បណ្ដាប្រទេសលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន កាន់តែឡើងកំដៅខ្លាំងថែមទៀត ដោយរុស្ស៊ីព្យាយាមដាក់កម្លាំងទ័ពក្បែរព្រំដែន ខណៈប្រទេសលោកខាងលិច បានបញ្ជូនកងទ័ព ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់ទៅអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង