Cctimesw1140xh150cm copy

ក្រសួងយុត្តិធម៌៖«របាយការណ៍អំពើពុករលួយ»អង្គការតម្លាភាពអន្តរជាតិមិនអាចយកជាការបាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌។

ភ្នំពេញ៖ ថ្មីៗនេះ អង្គការតម្លាភាពអន្តរជាតិ បានផ្តល់ចំណាត់ថ្នាក់ឱ្យ កម្ពុជាទទួលបាន២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ នៅក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ប្រចាំឆ្នាំ២០២១។ របាយការណ៍បន្តថា ក្នុងនោះ វិស័យយុត្តិធម៌ បានធ្លាក់ចុះ១ពិន្ទុ នៅឆ្នាំ២០២១ មានអំពើពុករលួយច្រើន។

ជាការឆ្លើយតបរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន យល់ឃើញថា របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ មិនទាន់អាចវាយតម្លៃគុណភាពថាមានតម្លាភាព និងត្រឹមត្រូវបាននៅឡើយ ដោយសារក្រសួងមិនបានដឹងពីរបៀបនៃការធ្វើរបាយការណ៍ និងការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ។

លោក ជិន ម៉ាលីន បានពន្យល់ថា ទាក់ទងនឹងរបាយការណ៍អង្គការតម្លាភាពអន្តរជាតិ ក្រសួងយុត្តិធម៌មិនបានដឹងពីរបៀបនៃការធ្វើរបាយការណ៍ហើយអង្គការក៏មិនបានបង្ហាញជាសាធារណៈពីវិធីសាស្ត្រនៃការវាយតម្លៃ។ ជាពិសេសវិធីក្នុងការប្រមូលព័ត៌មាន សំណួរអង្កេតរបស់អង្គការដែលរៀបចំ ហើយនិងអ្នកឆ្លើយទៅនឹងសំណួរទាំងអស់នោះជាអ្នកណា? ហើយតើស្ថាប័នអង្គការមួយណាក្នុងស្រុកដែលជាបណ្តាញក្នុងការធ្វើការងារ រៀបចំសំណួរអង្កេតរបាយការណ៍បូកសរុបជូនអង្គការតម្លាភាពអន្តរជាតិ។

លោក ជិន ម៉ាលីន បានបន្តថា ក្រសួងយុត្តិធម៌មិនបានដឹងថាវិធីសាស្ត្រនៃការស្រាវជ្រាវធ្វើរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិយ៉ាងម៉េច អាចជឿទុកចិត្តបានប៉ុណ្ណា ហើយក្រសួងមិនអាចធ្វើការវាយតម្លៃទៅលើគុណភាពរបាយការណ៍ ថាតើអាចទទួលបានឬមិនបាននោះទេ។ ជាទូទៅអំពើពុករលួយនៅប្រទេសណាក៏មានដែរ ហើយរដ្ឋាភិបាលមានយន្តការរំដោះរៀងខ្លួនក្នុងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងនោះ វិស័យយុត្តិធម៌ក៏មានដែរ ហើយឃើញមានវិធានការច្បាប់ទៅលើមន្ត្រីយុត្តិធម៌ មន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយ នាពេលកន្លងមក។

មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលក៏បានទទួលស្គាល់ថា កម្ពុជាគឺមានអំពើពុករលួយ ដូច្នេះទើបក្រសួងយុត្តិធម៌ដាក់ចេញវិធានការ ដើម្បីធ្វើការទប់ស្កាត់ និងប្រឆាំងទៅនឹងអំពើពុករលួយគ្រប់កម្រិតជាមួយនឹងវិធានការតឹងរឹង និងម៉ឺងម៉ាត់។ ក្នុងនោះមានទាំងវិធានការច្បាប់ វិធានការរដ្ឋបាល ការអប់រំ ផ្សព្វផ្សាយ ហើយអ្នកដែលប្រព្រឹត្តអំពើពុករលួយមានការប្រឈមនឹងផ្លូវច្បាប់ជាហូរហែនាពេលកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង