Yearendyearend1140x150

កញ្ញា ថូ ច័ន្ទបុប្ផា និស្សិតជំនាញ«ឱសថសាស្ត្រ»ប្រទេសថៃប្រាប់ពីបទពិសោធន៍នៃការសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
 
រូបភាពដោយកញ្ញា ថូ ច័ន្ទបុប្ផា

ភ្នំពេញ៖ កញ្ញា ថូ ច័ន្ទបុប្ផា បានបញ្ចប់ការសិក្សាជំនាញឱសថសាស្ត្រ ពីសាកលវិទ្យាល័យប៊ូរផា (Borapha University)។ កញ្ញាបានទៅសិក្សានៅប្រទេសថៃតាមរយៈការប្រលងអាហារូបករណ៍ ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន។

កញ្ញា បុប្ផា បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកញ្ញាមានអាយុ២៦ឆ្នាំ និងជាកូនច្បងក្នុងចំណោមបងប្អូនពីរនាក់។ បន្ទាប់ពីប្រលងជាប់ថ្នាក់ទី១២ កាលពីឆ្នាំ២០១២ កញ្ញាមិនបានត្រៀមខ្លួនក្នុការប្រលងអាហារូបករណ៍ទៅរៀននៅប្រទេសថៃឡើយ ប៉ុន្ដែកញ្ញាបានរៀនត្រៀម ដើម្បីប្រលងអាហារូបករណ៍នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលវិញ។ បន្ទាប់ពីបានប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កញ្ញាបានសាកល្បងប្រលងអាហារូបករណ៍ថៃ។

កញ្ញាបុប្ផា បានបន្ថែមថា ដោយសារកម្មវិធីសិក្សានៅទីនោះជាភាសាថៃ ដូច្នេះហើយត្រូវរៀនភាសាថៃរយៈពេលបីខែ នៅសាកលវិទ្យាល័យ Mahasarakham មុនចូលរៀនឆ្នាំមូលដ្ឋាន។ ផលវិបាកដែលកញ្ញាជួបប្រទះ គឺត្រឹមតែមួយឆមាសដំបូងតែប៉ុណ្ណោះ ដោយសារតែបញ្ហាភាសា។ ការសិក្សាជំនាញឱសថសាស្ត្រ នៅសាកលវិទ្យាល័យប៊ូរផា មានរយៈពេល៦ឆ្នាំ ការរៀននៅក្នុងថ្នាក់៥ឆ្នាំ និង១ឆ្នាំចុះកម្មសិក្សា។

ក្រោយបញ្ចប់ការសិក្សានៅឯប្រទេសថៃ ក្នុងឆ្នាំ២០១៩ កញ្ញាបានចូលបម្រើការងារនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ បច្ចុប្បន្នកញ្ញាកំពុងតែបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn ជំនាញវិទ្យាសាស្ត្រនឹងបច្ចេកវិទ្យាឱសថ។

កញ្ញាបុប្ដា បានបន្ដថា ប្អូនៗដែលមានបំណងប្រលងអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ គួរដឹងពីមុខវិជ្ជាមូលដ្ឋាន ដូចជាគណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា។ ម្យ៉ាងវិញទៀត ត្រូវដឹងថាមហាវិទ្យាល័យ ដែលស្នើសុំអាហារូបករណ៍ត្រូវការអ្វីខ្លះ ហើយការទាមទាររបស់មហាវិទ្យាល័យនីមួយៗ អាស្រ័យទៅលើជំនាញដែលយើងជ្រើសរើសដែរ។

ជាចុងក្រោយកញ្ញា បាននិយាយថា សម្រាប់ប្អូនៗដែលមានបំណងចង់បន្ដការសិក្សានៅប្រទេសថៃ គួរតែសាកល្បងប្រឡងអាហារូបករណ៍។ ប្រព័ន្ធសិក្សានៅទីនោះ មានភាពស្មើភាពគ្នា។ ការសិក្សានៅទីនោះមិនត្រឹមតែជាឱកាសដ៏ល្អក្នុងការស្វែងរកនូវអ្វីដែលថ្មីៗ ថែមទាំងផ្ដល់ឲ្យយើងនៅចំណេះដឹងជ្រៅជ្រះទៀតផង៕

កញ្ញា ថូ ច័ន្ទបុប្ផានឹងមិត្តភក្ដិ រូបភាពដោយ​ ថូ ច័ន្ទបុប្ផា
រូបភាពដោយកញ្ញា ថូ ច័ន្ទបុប្ផា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង