ភ្នំពេញ៖ រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន ថ្ងៃទី២៥ ខែមករានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលកម្ពុជា ស្ដីពីការ បញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជា នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយមានការចូលរួមពី លោក ប៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោក Haung Luqi អនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្រ បុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវេជ្ជសាស្ត្របុរាណចិន រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា។
បើតាមលោក ប៉ម ប៊ុនហេង បានចាត់ទុកថា កិច្ចព្រមព្រៀងនេះបានឯកភាពគ្នាបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនមកជួយព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយប្រើឱសថនិងវេជ្ជសាស្ត្របុរាណចិន ហើយការបញ្ជូននេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលកម្ពុជា នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ តែមួយឆ្នាំប៉ុណ្ណោះទេ ថែមទាងពង្រីកទៅមន្ទីរពេទ្យផ្សេងទៀតផង។
ចំពោះដំណើរទស្សនកិច្ចរបស់បណ្ឌិតសភាចិនមកកម្ពុជានេះ ក្រសួងសុខាភិបាល អះអាងថា មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយពង្រឹងនឹងពង្រីក វេជ្ជសាស្ត្របុរាណនៃប្រទេសទាំងពីរផងដែរ៕