
អូស្រ្តាលី៖ អូស្ត្រាលីបានកត់ត្រាចំនួនអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មានពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារកូវីដ១៩បំលែងថ្មី អូមីក្រុង បានបន្តធ្វើឱ្យមានភាពតានតឹងដល់មន្ទីរពេទ្យ បើទោះបីជា ករណីឆ្លងមានការថយចុះបន្តិចក៏ដោយ។
ចំនួនអ្នកស្លាប់សរុបដោយសារអូមីក្រុងចំនួន ៧៧ នាក់ កាលពីថ្ងៃអង្គារ ដោយការកើនឡើងចុងក្រោយគេបានឃើញថា ជនជាតិអូស្ត្រាលីកាន់តែច្រើនបានចូលមន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននៃការឆ្លងប្រចាំថ្ងៃ គឺទាបជាងបើប្រៀបធៀបទៅនឹងសប្តាហ៍មុន។ ការឆ្លងថ្មីប្រហែល ៧៣,០០០ ត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារ ដែលធ្លាក់ចុះពីកម្រិតខ្ពស់នៃ ១៥០,០០០ កាលពីថ្ងៃព្រហស្បតិ៍មុន។
លោក Dominic Perrottet នាយករដ្ឋមន្ត្រីនៃរដ្ឋ New South Wales (NSW) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីរដ្ឋរបស់លោកបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣៦ នាក់ ថា "ថ្ងៃនេះជាថ្ងៃដ៏លំបាកសម្រាប់រដ្ឋរបស់យើង" ។
ភាគច្រើននៃអ្នកដែលបានស្លាប់កាលពីថ្ងៃអង្គារ មិនបានទទួលការចាក់វ៉ាក់សាំងរបស់ពួកគេទេ ដែលជំរុញឱ្យមន្ត្រីសុខាភិបាលរដ្ឋលើកទឹកចិត្តប្រជាជនអូស្ត្រាលីបន្ថែមទៀតឱ្យទទួលការចាក់វ៉ាក់សាំងការពារជាបន្ទាន់។
ទន្ទឹមនឹងនេះ រដ្ឋ Victoria បានប្រកាសវិធានការដាក់រដ្ឋក្នុងគ្រាអាសន្ន ដែលអនុញ្ញាតឱ្យបុគ្គលិកត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់តំបន់សំខាន់ៗ និងអនុញ្ញាតឱ្យមន្ទីរពេទ្យលុបចោល ឬពន្យារពេលសេវាគ្លីនិកដែលមិនបន្ទាន់ផងដែរ។
រដ្ឋមន្ត្រីសុខាភិបាល Greg Hunt បាននិយាយថា អាជ្ញាធរក៏បានធ្វើសកម្មភាពផែនការសម្រាប់មន្ទីរពេទ្យឯកជនដើម្បីបង្វែរបុគ្គលិកជាង ១០០,០០០ នាក់ និងគិលានុបដ្ឋាយិការហូតដល់ ៥៧,០០០ នាក់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយ អូមីក្រុង នៅទូទាំងប្រទេស។
ប្រទេសអូស្ត្រាលីបានរាយការណ៍អំពីការឆ្លងប្រហែល ១.៦ លាននាក់ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ដែលក្នុងនោះប្រហែល ១.៣ លាននាក់ បានកើតឡើងត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ៕