Cctimesw1140xh150cm copy

សិស្សទើបជាប់បាក់ឌុបសម្រុកដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅតាមបណ្តាសាកលវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ ឃើញមានសិស្សានុសិស្សដែលទើបតែប្រឡងជាប់បាក់ឌុបថ្មីឆ្នាំ២០២១ បានសម្រុកដាក់ពាក្យចូលរៀន។ ក្នុងនោះមានសិស្សជាច្រើនមកពីបណ្តាខេត្តបានឡើងមកទីក្រុងភ្នំពេញដើម្បីដាក់ពាក្យចូលរៀន ឬពាក្យស្នើសុំអាហារូបករណ៍ផ្សេងៗ រីឯសិស្សខ្លះទៀតបានមកសាកសួរព័ត៌មានពីសាលា និងមុខជំនាញដែលខ្លួនចង់រៀននៅសាកលវិទ្យាល័យ។

យុវជន វ៉ាន់ សក្កដា សិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២ កំពុងតែរៀបចំដាក់ចូលរៀនជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ យុវជន សក្កដា បានសាកសួរព័ត៌មានបន្ថែមពីខាងការិយាល័យសិក្សា ទាក់ទងនឹងមុខជំនាញដែលខ្លួនចង់រៀន។ យុវជន សក្កដា បានឲ្យដឹងថា មូលហេតុដែលខ្លួនចង់រៀននូវមុខវិជ្ជានេះ គឺដោយសារការខ្លួនមានចំណាប់អារម្មណ៍ចូលចិត្តរៀនផ្នែកកំព្យូទ័រ ហើយយល់ថាជំនាញព័ត៌មានវិទ្យានេះ គឺជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

យុវតី ខេង ធីតា ជាសិស្សដែលទើបតែបញ្ចប់ការសិក្សាឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងតែមកដាក់ពាក្យចូលរៀនជំនាញគ្រប់គ្រងទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យុវតីរូបនេះបានឲ្យដឹងថា មូលហេតុដែលគេសម្រេចចិត្តរៀនជំនាញនេះគឺដោយសារការស្រឡាញ់តាំងពីក្មេងមកម្ល៉េះ និងគួបផ្សំពីការជំរុញពីឪពុកម្តាយស្រាប់។ ម្យ៉ាងទៀតគេសម្រេចចិត្តរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រោះជាសាកលវិទ្យាល័យមួយដែលល្បី និងមានគុណភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

យុវជន សាន់ មករា ជាសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២ថ្មីនេះៗ ក៏កំពុងតែរៀបចំដាក់ពាក្យប្រឡងយកអាហារូបរណ៍ចូលសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេសនៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ យុវជន សាន់ មករា បានថ្លែងថា មូលហេតុដែលខ្លួនសម្រេចចិត្តរៀនជំនាញនេះ គឺដោយសារមករា ចូលចិត្តផ្នែកអក្សរសាស្ត្រ និងភាសាអង់គ្លេស។ មួយវិញទៀតយុវជន មករា ពូកែភាសាអង់គ្លេសជាងគេក្នុងចំណោមមុខវិជ្ជាដទៃទៀត។ ដូច្នេះទើបរូបគេសម្រេចចិត្តដាក់ពាក្យប្រឡងនៅវិទ្យាស្ថានភាសាបរទេសនៅសាកលវិទ្យាភូមិន្ទភ្នំពេញ។

ចំណែកយុវតី សៅ ចន្នី ក៏ជាសិស្សដែលទើបតែបញ្ចប់ការសិក្សាឆ្នាំ២០២១ កំពុងតែរៀបចំដាក់ពាក្យ ចូលរៀនផ្នែកគីមីវិទ្យា នៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ យុវតីរូបនេះបានថ្លែងថា បន្ទាប់ពីដឹងថា ខ្លួនបានជាប់បាក់ឌុប គេក៏សម្រេចចិត្តថានឹងទៅរៀនជំនាញគីមីវិទ្យា នៅសាកលវិទ្យាភូមិន្ទភ្នំពេញ។ ចំពោះមូលហេតុ ចន្នី សម្រេចចិត្តរៀនជំនាញនេះគឺដោយសារគេមានដុងលើមុខវិជ្ជាគីមី ហើយនៅថ្ងៃអនាគតរូបគេចង់ក្លាយជាគ្រូបង្រៀនលើមុខវិជ្ជាគីមី។

យុវតី សៅ ចន្នី បាននិយាយថាចំពោះការដាក់ពាក្យចូលរៀនឆ្នាំមូលដ្ឋាន ក៏ដូចជាការដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅតាមសាកលវិទ្យាល័យនានា សម្រាប់យុវតីរូបនេះផ្ទាល់យល់ថាមានការលំបាក ព្រោះថាខ្លួនជាសិស្សដែលមកពីខេត្ត ដូច្នេះមិនសូវដឹងពីដំណើរការនៃការដាក់ពាក្យ ក៏ដូចជាការទទួលបានព័ត៌មានឲ្យបានទូលំទូលាយពីមុខជំនាញដែលខ្លួនចង់រៀន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង