
ថៃ៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ (CCSA) បានប្រកាសនៅថ្ងៃចន្ទថា ស្ត្រីអាយុ ៨៤ ឆ្នាំម្នាក់នៅ ឧដុន ថានី បានស្លាប់ដោយសារអូមីក្រុង កាលពីល្ងាចថ្ងៃសៅរ៍ ដោយក្លាយជាអ្នកជំងឺអូមីក្រុងទី ២ ដែលបានស្លាប់នៅក្នុងប្រទេសថៃ។
ស្ត្រីដែលរស់នៅក្នុងស្រុក ខាត ឆាប នៃខេត្ត ឧដុន ថានី ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកសួត ហើយបានភ្ជាប់ជាមួយម៉ាស៊ីនអុកស៊ីសែនដែលមានលំហូរខ្ពស់។ គាត់បានធ្វើតេស្តវិជ្ជមានអូមីក្រុង កាលពីថ្ងៃទី ១០ ខែមករា ហើយត្រូវបានគេជឿថា បានឆ្លងពីកូនប្រុសរបស់គាត់។
CCSA បាននិយាយថា គាត់មិនមានគ្រុនក្តៅទេ ហើយការដកដង្ហើមរបស់គាត់មិនមានការពិបាកដែរ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមករា។ តែនៅថ្ងៃសៅរ៍ កម្រិតអុកស៊ីសែនរបស់គាត់បានធ្លាក់ចុះដល់ទៅ ៧៦ ភាគរយ ហើយគាត់ចាប់ផ្ដើមដកដង្ហើមដង្ហក់។ តែគ្រួសាររបស់គាត់បានជ្រើសរើសមិនបញ្ជូនគាត់ចូលមន្ទីរពេទ្យ ហើយគាត់ត្រូវបានគេប្រកាសថា បានស្លាប់នៅម៉ោង ៧ និង ៤៥នាទី យប់។
សូមបញ្ជាក់ថា ជនរងគ្រោះដោយសារអូមីក្រុង ដំបូងរបស់ប្រទេសថៃ គឺជាអ្នកជំងឺ Alzheimer អាយុ ៨៦ ឆ្នាំ ដែលដេកលើគ្រែក្នុងទីក្រុង សង់ក្លា ដែលបានស្លាប់កាលពីថ្ងៃទី ១២ខែមករា៕