ភ្នំពេញ៖ បន្តពីជោគជ័យពីកម្មវិធីទស្សនកិច្ចសិក្សាលើកទី១ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ថា ខេមតិច បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាលើកទី២ នាថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ កម្មវិធីទស្សនសិក្សាលើកទី២ នេះ កាន់តែទទួលបានភាពជោគជ័យខ្លាំងជាងមុន ដោយមានការចូលរួមពីសិស្សានុសិស្សជាង ៣០០នាក់មកពីវិទ្យាល័យជាច្រើនក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីឲ្យសិស្សានុសិស្ស មាតាបិតា/អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជនទូទៅស្គាល់ ខេមតិច អគារនិងបរិក្ខា កម្មវិធីសិក្សា និងបានទទួលព័ត៌មានអំពីចំនួនអាហារូបករណ៍ពេញរហូតដល់ ១៥០កន្លែង សម្រាប់សិស្សានុសិស្សក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ជាងនេះទៅទៀត កម្មវិធីទស្សនសិក្សានេះគឺជាការបង្ហាញនៃវត្តមានរបស់សាកលវិទ្យាល័យឯកជន ប៉ុន្តែមិនស្វែងរកប្រាក់ចំណេញថ្មី និងលេចធ្លោក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនមុខជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្មីសន្លាង និងជាតម្រូវការ ដែលក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញជាវិស័យអាទិភាពក្នុងប្រទេសកម្ពុជា។
ក្នុងសុន្ទរកថាបើកដោយ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការជំរុញអ្នកមានវិជ្ជាជីវៈ និងអ្នកវិទ្យាសាស្ត្របន្ថែមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ វាគ្មិនកិតិ្តយស លោកជំទាវ ជា រដ្ឋា ប្រធានក្រុមហ៊ុនឃ្មុំ និងជាតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា បានជំរុញឱ្យមានការចូលរួមរបស់ស្ត្រីវ័យក្មេងក្នុងភាពជាសហគ្រិន ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈលោកជំទាវ ក៏បានអំពាវនាវឱ្យបុរសចូលរួមផងដែរក្នុងការជួយលើកទឹកចិត្ត និងសហការជាមួយស្ត្រីដើម្បីរំដោះខ្លួនចេញពីការភ័យខ្លាច និងការរើសអើងដែលកើតចេញពីបទដ្ឋានសង្គម ដើម្បីអោយស្ត្រីបានចូលរួមសកម្មក្នុងសហគ្រិនភាព និងនវានុវត្តបច្ចេកវិទ្យា។
សិស្សានុសិស្សដែលចូលរួមក៏មានឪកាសជួបដៃគូឧស្សាហកម្ម របស់សាកលវិទ្យាល័យខេមតិច ដែលបានថ្លែងសុន្ទរកថាលើកទឹកចិត្ត និងជួយត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សក្នុងការសម្រេចចិត្តលើការជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យ ក៏ដូចជាការជ្រើសរើសគន្លងអាជីពនាពេលអនាគត៕