
អឺរ៉ុប៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាងពាក់កណ្តាលនៅក្នុងតំបន់អឺរ៉ុបទាំងមូលនឹងឆ្លងអូមីក្រុងក្នុងរយៈពេលពីរខែ ប្រសិនបើអត្រានៃការឆ្លងបច្ចុប្បន្ននៅតែបន្ត។
ចាប់តាំងពីដើមឆ្នាំថ្មីមក ស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសជាច្រើននៅអឺរ៉ុបមានសភាពធ្ងន់ធ្ងរ រួមទាំងប្រទេសបារាំង និងដាណឺម៉ាក ចំនួនករណីឆ្លង COVID-19 ដែលទើបនឹងបញ្ជាក់ក្នុងរយៈពេលតែមួយថ្ងៃបានឈានដល់កម្រិតខ្ពស់ថ្មីចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។ ដោយសារចំនួនករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បន្តកើនឡើង ខណៈប្រទេសមួយចំនួនកំពុងរឹតបន្តឹងគោលនយោបាយគ្រប់គ្រងជំងឺរាតត្បាតរបស់ពួកគេ។
នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២២ ករណីជាង ៧ លានករណីត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ដែលបានកើនឡើងទ្វេដងនៃទិន្នន័យកាលពីពីរសប្តាហ៍មុន។ វាត្រូវបានគេប៉ាន់ប្រមាណថា តាមអត្រានៃការឆ្លងបច្ចុប្បន្ន នឹងធ្វើឲ្យមនុស្សច្រើនជាង ៥០ ភាគរយនៅក្នុងតំបន់អឺរ៉ុបទាំងមូលនឹងឆ្លង អូមីក្រុង ក្នុងរយៈពេលពី ៦ ទៅ ៨ សប្តាហ៍ខាងមុខ។
ការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកសម្រាប់អឺរ៉ុប គ្របដណ្តប់ប្រទេសចំនួន ៥៣ រួមទាំងអឺរ៉ុប និងប្រទេសជិតខាងមួយចំនួន។ ដោយករណីឆ្លង អូមីក្រុង ត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ ៥០ នៃអឺរ៉ុប៕