
កាលីហ្វ័រញ៉ា៖ យោងតាមគោលការណ៍ណែនាំថ្មីដែលចេញដោយនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា (CDPH) កាលពីពេលថ្មីៗនេះ បុគ្គលិកថែទាំសុខភាពដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយមានរោគសញ្ញាស្រាល អាចត្រឡប់ទៅធ្វើការវិញភ្លាមៗ ដើម្បីបំពេញបន្ថែមនៅកង្វះបុគ្គលិកនៅតាមមន្ទីរពេទ្យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ NBC News CDPH បានពិពណ៌នាការណែនាំថ្មីថា វាជា "វិធានការណ៍បណ្តោះអាសន្ន" ដើម្បីកាត់បន្ថយការខ្វះខាតបុគ្គលិក និងការកើនឡើងនៃករណីឆ្លង។ CDPH បានបន្ថែមថា មន្ទីរពេទ្យគួរតែមានបុគ្គលិក ដើម្បីផ្ដល់ការថែទាំដល់អ្នកជំងឺវិជ្ជមាន"តាមលទ្ធភាពដែលអាចធ្វើបាន" ។ តែទោះជាយ៉ាងណា បុគ្គលិកថែទាំសុខភាព និងសហជីពរបស់ពួកគេ បានរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីនេះ។
CDPH កំពុងស្នើសុំឱ្យមន្ទីរពេទ្យ ជំរុញឲ្យបុគ្គលិកដែលមិនបានទទួលវ៉ាក់សាំង ត្រូវចាក់វ៉ាក់សាំងឲ្យបានពេញលេញ ហើយធ្វើតេស្តពីរដងក្នុងមួយសប្តាហ៍។
រដ្ឋកាលីហ្វ័រញ៉ាមិនមែនជារដ្ឋតែមួយគត់ ដែលទទួលរងការខ្វះខាតបុគ្គលិក បន្ទាប់ពីការចេញច្បាប់បែបនេះ។ បន្ទាប់ពីបុគ្គលិករាប់រយនាក់ត្រូវបានបណ្តេញចេញពីការងារ កាលពីជាងពីរខែមុននេះ សម្រាប់ការបដិសេធមិនទទួលការចាក់វ៉ាក់សាំង៕