ភ្នំពេញ៖ កញ្ញា ហ៊ វួចណា ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យកម្ពុជា។ ក្រៅពីការសិក្សាជំនាញនៅសាកលវិទ្យាល័យដែលជាការសិក្សាបែបអន្តរជាតិជាភាសាអង់គ្លេស កញ្ញា វួចណា បានសម្រេចចិត្តសិក្សានូវភាសាជប៉ុនបន្ថែមទៀតនៅសាលាបណ្តុះបណ្តាលភាសាជប៉ុនមួយកន្លែង។
កញ្ញា ហ៊ វួចណា ថ្លែងប្រាប់ស៊ីស៊ីថាមស៍ មូលហេតុដែលកញ្ញារៀនភាសាបរទេស ព្រោះកញ្ញាយល់ឃើញថានៅក្នុងគ្រប់វិស័យ មិនថាវិស័យការងារ វិស័យជំនួញ ទំនាក់ទំនង ឬវិស័យផ្សេងៗ ភាសាបរទេសគឺសុទ្ធសឹងតែមិនអាចខ្វះបាននៅក្នុងជីវភាពប្រចាំថ្ងៃ ព្រោះយើងត្រូវការប្រើប្រាស់ទំនាក់ទំនង និងអាចបង្កើនភាពស្និតស្នាលជាមួយគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងបន្ថែមទៀត។
កញ្ញា ហ៊ វួចណា បានបន្តថា អ្វីដែលយុវជនមិនគួរមើលរំលងភាសាបរទេសនោះគឺ ភាសាបរទេសនឹងផ្ដល់ឱកាសការងារខ្ពស់ក៏ដូចជាមានអាទិភាពខ្ពស់ជាងអ្នកដែលមិនបានរៀន មិនថាប្រាក់ខែខ្ពស់ ឬមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនកាន់តែច្រើនឡើង។
កញ្ញា ហ៊ វួចណា បានបន្ថែមថា នៅពេលចេះភាសាបរទេសធ្វើឲ្យយើងមានចំណេះទូទៅកាន់តែច្រើនជាងមុន។ ជាក់ស្ដែងចំពោះកញ្ញាផ្ទាល់ក្រៅពីភាសាអង់គ្លេស កញ្ញាបានសិក្សាភាសាជប៉ុនបន្ថែមទៀត កញ្ញាអាចយល់អំពីភាសា និងស្វែងយល់អំពីវប្បធម៌ ការរស់នៅ និងវិន័យផ្សេងៗរបស់ប្រទេសមួយនេះកាន់តែច្រើនឡើងបន្ថែមទៀត ដែលអាចឲ្យយើងអាចចាប់យកចំណុចល្អៗមកប្រើប្រាស់ និងអនុវត្តដោយខ្លួនឯងបាន។
ជាចុងក្រោយ កញ្ញា ហ៊ វួចណា ចង់ឲ្យយុវជនទាំងអស់ គួរតែចំណាយពេលបន្ថែមក្នុងការសិក្សាភាសាបរទេស មិនថាភាសាណាក៏ដោយ គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ដែលអាចយកមកប្រើប្រាស់ប្រាស្រ័យទាក់ទងគ្នា និងបង្កើនឱកាសកាន់តែច្រើនឡើង៕