
វៀតណាម៖ អ្នកក្នុងឧស្សាហកម្មបាននិយាយថា ផ្លែស្រកានាគប្រហែល ៣០០,០០០ តោននឹងទុំសម្រាប់ការប្រមូលផលក្នុងពេលឆាប់ៗនេះ ប៉ុន្តែគ្មានអ្នកទិញទេ ដោយសារប្រទេសចិនបានរារាំងពាណិជ្ជកម្មតាមព្រំដែន។
ខេត្តភាគខាងជើង ក័ងនិញ (Quang Ninh) និង ឡាងសុន (Lang Son) មានទាំងការរឹតបន្តឹងពាណិជ្ជកម្មនៅព្រំដែនជាមួយប្រទេសចិន ដោយសារកុងតឺន័រកើនឡើង ធ្វើឲ្យអ្នកទិញចិនជាច្រើន បានឈប់បញ្ជាទិញផ្លែស្រកានាគរបស់វៀតណាម។
លោក Phan Van Tan អនុប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយប្រាប់វេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃផ្លែស្រកានាគបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលប្រទេសចិនបានរឹតបន្តឹងវិធានការកូវីដ១៩របស់ខ្លួន ដែលបណ្តាលឱ្យរថយន្តកុងតឺន័ររាប់ពាន់គ្រឿងជាប់គាំងនៅតាមព្រំដែន។
អ្នកនាំចេញមួយចំនួនបាននិយាយថា ពួកគេបានព្យាយាមដឹកជញ្ជូនទំនិញតាមសមុទ្រ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយប្រកបដោយនិរន្តរភាពទេ ដោយសារតម្លៃដឹកជញ្ជូនបានកើនឡើងបីដងបើប្រៀបនឹងពេលមុន។
ប្រទេសចិន គឺជាអ្នកទិញផលិតផលកសិកម្ម និងផ្លែស្រកានាគដ៏ធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនលើសពីទីផ្សារចំនួន ៥០ ផ្សេងទៀត។
វៀតណាមផលិតផ្លែស្រកានាគប្រមាណ ១,៤ លានតោនក្នុងមួយឆ្នាំ ដោយមាន ៨០ ភាគរយមកពីខេត្តចំនួន ៣ គឺ Binh Thuan, Long An និង Tien Giang ៕