
កេប៊ិច៖ ប្រទេសកាណាដាអនុញ្ញាតឲ្យបុគ្គលិកពេទ្យដែលឆ្លងកូវីដ១៩ អាចបន្តការងារបាន ដោយតែកង្វះបុគ្គលិកថែទាំសុខភាព។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលកាណាដា បាននិយាយដោយលើកឡើងពីតម្រូវការ "បន្ទាន់" សម្រាប់គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាព ចំពេលមានការកើនឡើងនៃករណីឆ្លង។
មន្ត្រីសុខាភិបាលកំពូលរបស់ទីក្រុង កេប៊ិច លោក Christian Dube បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលត្រូវបានបង្ខំក្នុងការសម្រេចចិត្តអនុញ្ញាតឱ្យបុគ្គលិកដែលឆ្លងកូវីដ១៩ អាចបន្តធ្វើការក្រោមលក្ខខណ្ឌមួយចំនួនដោយ "យោងតាមបញ្ជីអាទិភាព និងការគ្រប់គ្រងហានិភ័យ"។
លោក Dube បាននិយាយថា "ប្រសិនបើយើងមានជម្រើស យើងនឹងមិនធ្វើវាទេ ប៉ុន្តែស្ថានភាពរបស់យើងគឺបន្ទាន់ និងសំខាន់ក្នុងរយៈពេលខ្លី" ហើយ "នេះគឺជាជម្រើសដ៏ល្អបំផុតក្នុងការមិនផ្តល់ការថែទាំ។" លោកបានបន្ថែមថា "ការពិត គឺថាយើងមានអ្នកជំងឺកាន់តែច្រើន និងបុគ្គលិកគិលានុបដ្ឋាយិកាកាន់តែតិចទៅៗ។ នេះជាអ្វីដែលយើងត្រូវធ្វើ ប្រសិនបើយើងចង់ឱ្យសង្គមរបស់យើងបន្តដំណើរការដោយសុវត្ថិភាព"។
នាយកផ្នែកសុខភាពសាធារណៈលោក Horacio Arruda ក៏បានពន្យល់ថា ក្រសួងសុខាភិបាលបានបង្កើត “លំដាប់អាទិភាព” ដើម្បីជួយនិយោជកក្នុងការកំណត់ថា តើបុគ្គលិកណាដែលត្រូវបន្តការងារ និងមួយណាត្រូវបញ្ជូនទៅផ្ទះ។ លោកបន្តថា បុគ្គលិកសុខាភិបាលដែលឆ្លងហើយគ្មានរោគសញ្ញា អាចត្រូវបានបន្តការងារ។តែ «ប្រសិនបើអ្នកណាម្នាក់មានអាការៈមិនល្អ យើងនឹងមិនបញ្ជូនពួកគេទៅធ្វើការទេ»។
ទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីររបស់ប្រទេសកាណាដាគឺ កេបិច បានឃើញរលកថ្មីនៃការឆ្លងជាមួយនឹងការកើនឡើងនៃវីរុស អូមីក្រុង ដែលកំណត់ដោយអង្គការសុខភាពពិភពលោក។ តំបន់នេះបានបង្កើតកំណត់ត្រាថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយរាប់ចំនួនជិត ១៣,០០០ ករណីថ្មីនៅថ្ងៃច័ន្ទតែមួយ នេះបើយោងតាម Reuters ។
បន្ថែមពីលើគោលការណ៍ណែនាំដែលមានការអនុញ្ញាតច្រើនសម្រាប់បុគ្គលិក “សំខាន់” រដ្ឋមន្ត្រីសុខាភិបាលក៏បានប្រកាសថា កេបិច នឹងផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី៣ ដល់អ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ចាប់ពីថ្ងៃទី ៤ ខែមករា៕