ភ្នំពេញ៖ បេក្ខជនដែលវិជ្ជមានទាំង២រូប ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។
យោងតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យកីឡាករ២រូប ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ -១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៕