
សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសសិង្ហបុរីនឹងបង្កកការលក់សំបុត្រថ្មីទាំងអស់ សម្រាប់ជើងហោះហើរ និងឡានក្រុងដែលមានវ៉ាក់សាំងធ្វើដំណើរ (VTL) នៅចន្លោះថ្ងៃទី ២៣ ខែធ្នូ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំក្រោយ ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃករណីឆ្លងកូវីដ១៩បំលែងថ្មី អូមីក្រុង នៅក្នុងប្រទេសជាច្រើន។
ក្រសួងសិង្ហបុរី បាននិយាយថា វិធានការនេះនឹងជួយកំណត់ការប៉ះពាល់របស់សិង្ហបុរី ចំពោះករណីនាំចូលកូវីដ១៩បំលែងថ្មី អូមីក្រុង។ ការបង្កកមិនអនុវត្តចំពោះអ្នកដំណើរដែលកក់សំបុត្រហោះហើរ ឬសំបុត្រឡានក្រុងរួចហើយទេ ដែលមានន័យថា ពួកគេអាចបន្តធ្វើដំណើរក្រោមគម្រោងធ្វើដំណើរដោយមិនដាក់ឱ្យនៅដាច់ដោយឡែក។
MOH ក៏នឹងកាត់បន្ថយជាបណ្តោះអាសន្ននូវកូតា VTL និងការលក់សំបុត្រសម្រាប់ការធ្វើដំណើរបន្ទាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។ វានឹងបន្តតាមដានការអភិវឌ្ឍន៍យ៉ាងដិតដល់ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយនេះ នៅពេលដែលស្ថានភាពផ្លាស់ប្តូរ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) បាននិយាយនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយថា ក្រោមវិធានការថ្មីនេះ គ្មានសំបុត្រឡានក្រុង VTL ថ្មីនឹងត្រូវបានលក់សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ឬម៉ាឡេស៊ីនៅចន្លោះម៉ោង ១១.៥៩ យប់នៅថ្ងៃទី ២២ ខែធ្នូ និងម៉ោង ១១.៥៩ យប់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ៕