ភ្នំពេញ៖ បច្ចេកវិទ្យាព័ត៌មានដូចជាទូរសព្ទស្មាតហ្វូន (Smart Phone) ឧបករណ៍ទំនើបដទៃទៀតគឺជាអាវុធមុខពីរ។ ការអប់រំនិងការគ្រប់គ្រងពីជ្រុងឪពុកម្តាយគួរកុំទាន់ប្រញាប់ប្រញាល់ឲ្យកូនប្រើទូរសព្ទ ក្នុងករណីដែលចាំបាច់ឲ្យប្រើត្រូវមានកំណត់ និងចំហនៅចំពោះមុខឪពុកម្តាយ។ ជាការពិត ឪពុកម្តាយ គួរអប់រំបន្ថែមពីផលប៉ះពាល់នៃការប្រើប្រាស់ស្មាតហ្វូន អាចទទួលបានព័ត៌មានក្លែងក្លាយ ឬការបោកបញ្ឆោត ការលួងរបស់ជនខិលខូច។ នេះបើតាមប្រសាសន៍ លោកបណ្ឌិត ឈត ប៊ុនថង ជាមន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និង ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកបណ្ឌិត ឈត ប៊ុនថង យល់ថា កាលណាក្មេងនៅតូច ឪពុកម្តាយមិនគួរប្រញាប់ប្រញាល់ឲ្យកូនៗប្រើស្មាតហ្វូនលឿនពេកទេ ប្រសិនជាឲ្យពួកគាត់ប្រើអាចថាប្រើសម្រាប់ការរៀនពីចម្ងាយ ឬប្រើសម្រាប់ការទំនាក់ទំនងជាមួយគ្រូ និងមិត្តភក្តិ គឺត្រូវប្រើនៅចំពោះមុខឪពុកម្តាយ។ បន្ទាប់ពីប្រើហើយគឺឪពុកម្តាយ គឺត្រូវយកទុកមិនអនុញ្ញាតឲ្យប្រើទេ ប្រសិនបើឲ្យកូនប្រើសេរី ខ្លាចកូនញៀនចុចទូរសព្ទ ភ្លេចការសិក្សា ឬអាចចុចចូលវេបសាយដែលមានវីដេអូ ឬរូបភាពអាសអាភាស។ ក្រៅពីឪពុកម្តាយគឺការអប់រំនៅសាលារៀនមានលោកគ្រូអ្នកគ្រូអាចអប់រំជាបន្តបន្ទាប់ ។ បន្ថែមនេះ ការអប់រំផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គមនានា។
លោក សោម ចិត្រា ជាអាណាព្យាបាលដែលមានកូនតូចៗចំនួនពីរនាក់បានថ្លែងថា ក្នុងការគ្រប់គ្រងកូនតូចកុំឲ្យញៀននឹងការប្រើប្រាស់ទូរសព្ទ លោកតែប្រើណែនាំអប់រំកូនៗពីផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដូចជា ការប៉ះពាល់ដល់ភ្នែក ការក្រចេះនិយាយ ការភ្លេចរៀនសូត្រ និងប៉ះពាល់ដល់ការលូតលាស់ស្មារតីរបស់ក្មេងៗ ជាដើម។ លោកបន្ថែមថា លោកអនុញ្ញាតឲ្យកូនប្រើទូរសព្ទក្នុងពេលដែលចាំបាច់ដូចជាការរៀនអនឡាញ និងការទំនាក់ទំនងជាមួយគ្រូ មិត្តភក្តិ និងគ្រួសារ។ ដើម្បីកាត់បន្ថយកុំឲ្យកូនប្រើទូរសព្ទច្រើនពេកនៅពេលទំនេរ លោកតែងតែឲ្យកូនអានសៀវភៅ ឬធ្វើការងារផ្ទះបន្តិចបន្តួច ឬការចេញទៅកម្សាន្តនៅខាងក្រៅ ចៀសជាងទុកកូនចោលហើយឲ្យពួកគាត់លេងទូរសព្ទ។
អ្នកស្រី ម៉ន សារួន ជាអាណាព្យាបាលដែលមានកូនតូចៗបានថ្លែងថា ក្នុងការគ្រប់គ្រងកូនតូចកុំឲ្យញៀននឹងការប្រើប្រាស់ទូរសព្ទ អ្នកស្រីតែងតែកំណត់ពេលកូនដោយអនុញ្ញាតឲ្យកូនប្រើតែក្នុងករណីចាំបាច់ដូចជាការរៀនអនឡាញ និងការចុចលេងហ្គេមបន្តិចបន្តួចដើម្បីសម្រាកលម្ហែខួរក្បាលបន្ទាប់ពីការរៀនសូត្រ។ អ្នកស្រីតែងតែអប់រំ និងតាមដានរាល់សកម្មភាពរបស់កូនទាំងការសិក្សា និងក្នុងពេលដែលកូនកំពុងប្រើប្រាស់ទូរសព្ទខ្លាចក្រែងកូនចុចចូលមើលវីដេអូ ឬរូបភាពអាសអាភាសផ្សេងៗនៅក្នុងបណ្តាញសង្គម។ ជានិច្ចជាកាលអ្នកស្រីតែងតែណែនាំកូនឲ្យខិតខំរៀនសូត្រ ដោយអ្នកស្រីឆ្លៀតពេលតាមដានកូនតាមតែអាចធ្វើទៅបាន និងអប់រំកូនពីផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទផ្សេងៗ ។
អ្នកស្រី ជា ចន្ធី ជាអាណាព្យាបាលដែលមានកូនតូចបានថ្លែងថា ក្នុងការគ្រប់គ្រងកូនតូចកុំឲ្យញៀននឹងការប្រើប្រាស់ទូរសព្ទស្មានហ្វូន អ្នកស្រីបានទម្លាប់កូនតាំងពីតូចដោយមិនឲ្យកូនប្រើទូរសព្ទទេ ហើយនៅពេលកូនធំបន្តិចត្រូវដល់ពេលដែលប្រើ ទើបអ្នកស្រីអនុញ្ញាតឲ្យប្រើទូរសព្ទ ប៉ុន្តែអ្នកស្រីតែងតែណែនាំកូនឲ្យប្រើសម្រាប់ជាប្រយោជន៍ ដូចជាការរៀនសូត្រ និងការទំនាក់ទំនង និងកំណត់ពេលប្រើប្រាស់ឲ្យបានសមស្របដើម្បីកុំឲ្យមានផលប៉ះពាល់ផ្សេងៗពីការប្រើប្រាស់ទូរសព្ទស្មានហ្វូននេះ។ ទោះបីជាក្នុងពេលទំនេរក៏អ្នកស្រីមិនចង់ឲ្យកូនប្រើប្រាស់ទូរសព្ទច្រើនពេកដែរ អ្នកស្រីតែងតែលើកទឹកចិត្តកូនឲ្យយកពេលទំនេរអានសៀវភៅ ហាត់កីឡា ឬដើរលេងកម្សាន្តនៅខាងក្រៅ៕