
ព្រុចសែល៖ មនុស្សរាប់ពាន់នាក់ បានដើរតាមដងផ្លូវនៃរដ្ឋធានីព្រុចសែលរបស់ប្រទេសបែលហ្ស៊ិក ដើម្បីតវ៉ាប្រឆាំងនឹងវិធានការណ៍រឹតបន្តឹង Covid-19 រយៈពេលយូរ។ ដោយការដើរដង្ហែរតវ៉ានេះ បានឈានដល់ការប៉ះទង្គិចគ្នាជាមួយប៉ូលីស និងមនុស្សចំនួន ៥៥ នាក់ត្រូវបានឃុំខ្លួន។
យោងតាមការប៉ាន់ស្មានរបស់ប៉ូលីស មានមនុស្សប្រហែល ៣,៥០០ នាក់បានដើរដង្ហែរតាមដងផ្លូវនានាក្នុងទីក្រុងព្រុចសែល។ ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំការជួបជុំនេះ បានផ្តល់តួលេខធំជាងនេះដោយអះអាងថាមានរហូតដល់ ៥០,០០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ការតវ៉ានៅក្នុងរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក បានបន្តសម្រាប់ចុងសប្តាហ៍ជាប់ៗគ្នា ដោយព្រឹត្តិការណ៍មុនៗទាំងអស់ត្រូវបានបំផ្លាញដោយអំពើហិង្សាតាមដងផ្លូវ។ ការហែក្បួនកាលពីថ្ងៃអាទិត្យត្រូវបានអមដោយកម្លាំងប៉ូលីសដ៏ធំមួយផងដែរ។
ក្រុមបាតុករបានថ្កោលទោសការរឹតបន្តឹង និងគោលនយោបាយប្រឆាំងនឹងកូវីដ១៩ដ៏យូរអង្វែង ដូចជាការដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដែលជាអ្វីដែឡពួកគេមើលឃើញថាជា "កាតព្វកិច្ច" ក្នុងការចាក់វ៉ាក់សាំង។
មនុស្ស ៤៨ នាក់ត្រូវបានចាប់ខ្លួន ហើយបន្ទាប់ពីការប៉ះទង្គិចគ្នា មនុស្ស ៧ នាក់ទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ។ យ៉ាងហោចណាស់អ្នកតវ៉ាម្នាក់ បានរងរបួសអំឡុងពេលការប៉ះទង្គិចគ្នា និងបានបញ្ជូនទៅមន្ទីរពេទ្យ។
អ្នកនាំពាក្យប៉ូលីសម្នាក់បាននិយាយដូចដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាក៏មាន «របាយការណ៍ចំនួន ៥ នៃការខូចខាតសម្ភារៈផងដែរ»។
ប៉ូលីសបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងបានចោទប្រកាន់ហ្វូងមនុស្សដែលវាយអ្នកតវ៉ាដោយដំបង នេះបើខ្សែវីដេអូពីកន្លែងកើតហេតុបានបង្ហាញ៕