
WHO ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសទាំងអស់បង្កើនវិធានការប្រឆាំងនឹងវីរុសកូវីដ១៩បំលែងថ្មី «អូមីក្រុង» ដែលកំពុងរីករាលដាលក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក ហើយប្រហែលជាបានឆ្លងនៅក្នុងប្រទេសភាគច្រើនរួចទៅហើយ។លោកបានថ្លែងបែបនេះ ទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ។
លោក Ghebreyesus បាននិយាយថា ការព្រួយបារម្ភពីកូវីដ១៩បំលែងថ្មី «អូមីក្រុង» កំពុងត្រូវគេច្រានចោល ដោយសារគិតថាវាមានអាការៈស្រាល។ ប៉ុន្តែឥឡូវនេះប្រទេសចំនួន ៧៧ បានរាយការណ៍ករណីកូវីដ១៩បំលែងថ្មី «អូមីក្រុង»នេះ ទោះបីជានៅក្នុងប្រទេសភាគច្រើន នៅមិនទាន់ត្រូវបានរកឃើញក៏ដោយ។
លោក Ghebreyesus បានអំពាវនាវឱ្យប្រទេសនានាបង្កើនវិធានការទប់ស្កាត់ជំងឺប្រភេទថ្មីនេះ ដោយមានការរួមបញ្ចូលគ្នានៃការពាក់ម៉ាស់ ការរក្សាគម្លាតពីសង្គម បន្ទប់មានខ្យល់ចេញចូលត្រឹមត្រូវ និងអនាម័យដៃ ពិសេសការចាក់វ៉ាក់សាំង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយថា កម្រិតកំពូលនៃរលកនៃការឆ្លងនេះគឺនៅ "ប៉ុន្មានសប្តាហ៍" បន្ទាប់ពីការរាយការណ៍ពីការរកឃើញវីរុសកូវីដ១៩បំលែងថ្មី «អូមីក្រុង»នេះ៕