
បារាំង៖ តំបន់ជាច្រើននៅភាគនិរតីនៃប្រទេសបារាំងត្រូវបានជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដែលត្រូវបានគេរំពឹងភ្លៀងនឹងបន្តក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកទន្លេបានហក់ឡើង និងបង្កឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់មួយចំនួន និងបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួន។
ទីភ្នាក់ងារឧតុនិយមបារាំង Meteo France បានចេញការព្រមានពណ៌ក្រហម នៅក្នុងនាយកដ្ឋាន Pyrenees-Atlantiques និង Landes អំពីភ្លៀងធ្លាក់ខ្លាំង ខណៈនាយកដ្ឋានប្រហែល ១១ ផ្សេងទៀតស្ថិតនៅក្រោមការជូនដំណឹងពណ៌ទឹកក្រូច។
រដ្ឋបាលខេត្ត Pyrenees-Atlantiques បានដាស់តឿនអ្នកស្រុកឱ្យសង្កេត "ការប្រុងប្រយ័ត្នបំផុត" និង "ជៀសវាងការធ្វើដំណើរ" នៅក្នុងតំបន់ បន្ទាប់ពីការកើនឡើងនៃកម្ពស់ទឹកបានជន់លិចផ្នែកនៃផ្លូវហាយវេនៅជិតទីក្រុងសំខាន់ ធ្វើឲ្យខ្សែរថភ្លើងដែលតភ្ជាប់បាយ័ន និងផ្នែកផ្សេងទៀតនៃ តំបន់ក៏ត្រូវបានបិទផងដែរ បន្ទាប់ពីមានការបាក់ដី។
អភិបាលខេត្ត Eric Spitz ក្នុងតំបន់បានប្រាប់ BFMTV ដោយបន្ថែមថាមនុស្សប្រហែល 50 នាក់ត្រូវជម្លៀសចេញពីស្រុក Petit Bayonne នៅចំណុចប្រសព្វនៃទន្លេ Adour និង Nive ។ ការចូលទៅកាន់ Nive ត្រូវបានហាមឃាត់បន្ទាប់ពី តាមសេចក្តីរាយការណ៍ថា បាន បាក់ច្រាំងទន្លេ ហើយបានឡើងដល់កម្រិតទឹកជិតកំណត់ត្រា។
វីដេអូដ៏គួរឲ្យរន្ធត់ជាច្រើននៃទឹកទន្លេហៀរនិងផ្លូវលិចទឹកត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម។ ទឹកទំនងជាបានហៀរតាមមាត់ច្រាំងទន្លេ ហើយបានទៅដល់រថយន្តដែលចតនៅតាមដងផ្លូវ។ រូបភាពផ្សេងទៀតបង្ហាញពីទឹកជន់លិចយ៉ាងលឿនបានហូរកាត់ផ្ទះ។
នៅព្រឹកថ្ងៃដដែល ការបាក់ដីបានបង្ខំអ្នកស្រុកនៃភូមិមួយនៅជិតព្រំដែនជាមួយប្រទេសអេស្បាញឲ្យភៀសខ្លួនចេញពីផ្ទះ ហើយមនុស្សប្រហែល ២០ នាក់ត្រូវបានជម្លៀសចេញពីតំបន់នោះ៕