
ព្រះវិហារ៖ ជណ្ដើរបុរាណខាងជើង ប្រាសាទព្រះវិហារត្រូវបានជួសជុល ដំណាក់កាលទី៣ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមការឧបត្ថម្ភថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌។ នេះបើតាមការលើកឡើងរបស់លោក អ៊ា ដារិទ្ធ ជាប្រធាននាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ។
លោក អ៊ា ដារិទ្ធ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមមន្ដ្រីជំនាញរបស់នាកយដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បាននិងកំពុងធ្វើការជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ថ្នាក់ទី៦ និងទី៧ ដំណាក់កាលទី៣ ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់ ឆ្នាំ២០២២។ គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌។
លោក អ៊ា ដារិទ្ធ បានឲ្យដឹងថា កន្លងមក មូលនិធិនេះ ក៏បានឧបត្ថម្ភថវិកាសម្រាប់អនុវត្តគម្រោងដំណាក់កាលទី១ និងទី២ ដែរ ដោយបានសិក្សា និងរៀបចំប្លង់ ជួសជុលជណ្តើរទាំងមូល ហើយបានសាកល្បងជួសជុលជណ្ដើរបុរាណខាងជើងពីថ្នាក់ទី២ ដល់ទី៥ ជួសជុលចម្លាក់តោចំនួន៣ និងរៀបចំបង្វែរប្រព័ន្ធផ្លូវទឹក អោយហូរទៅខាងលិចជណ្តើរបុរាណ ដើម្បីកុំឲ្យទឹកភ្លៀងហូរលើជណ្តើរ។
លោក អ៊ា ដារិទ្ធ បានបញ្ជាក់ថា ការជួសជុលជណ្ដើរបុរាណខាងជើង ប្រាសាទព្រះវិហារគឺមានការលំបាក ដោយសារប្រាសាទនេះនៅលើភ្នំ មានការពិបាកក្នុងការដឹកជញ្ជូនថ្មឡើងភ្នំ។ មូលហេតុនៃការជួសជុស គឺដោយសារជណ្តើរខាងជើងប្រាសាទព្រះវិហារ មានការខូតខាតដោយសារអាយុកាលចំណាក់ និងឫសឈើចាក់ចូលគ្រឹះជណ្តើរធ្វើឲ្យផ្ទាត់ថ្ម ហើយដោយសារទឹកភ្លៀងដែលហូរច្រោះដីដែលនៅពីក្រោមកាំជណ្តើរ ធ្វើឲ្យថ្មកាំជណ្តើរក៏រមៀលធ្លាក់មកដែរ។
លោក អ៊ា ដារិទ្ធ បានបន្តថា ការជួសជុលជណ្ដើរបុរាណ ដំណាក់កាលទី១ គឺចាប់ពីឆ្នាំ២០១៨ ដល់២០១៩ ដោយក្រុមមន្ត្រីជំនាញបានស្រាវជ្រាវ ចងក្រងឯកសារអំពីជណ្តើរខាងជើងប្រាសាទព្រះវិហារទាំងស្រុង ហើយបានសិក្សាពីភាពខូចខាតរបស់កាំជណ្តើរ។ ក្រុមការងារបានចាប់ផ្តើមវិភាគនៃការខូចខាត បានរៀបចំស្តារប្រព័ន្ធបង្ហូរទឹកបុរាណ កុំឲ្យទឹកហូរចូលក្នុងជណ្តើរ បន្ទាប់មកបានជួសជុសសាកល្បងនៅថ្នាក់ដៃទី៥ ទាំងអស់មាន២៦ថ្នាក់កាំជណ្តើរ និងបានជួសជុលតោមួយ។
ចំណែកការជួសជុលជណ្ដើរបុរាណ ដំណាក់កាលទី២ គឺឆ្នាំ២០២០-២០២១ បានជួសជុលថ្នាក់ជណ្តើរពីថ្នាក់២ ដល់ទី៤ និងបានជួសជុលចម្លាក់តោមួយ គុជឫស្សីមួយ។ បន្ទាប់មកបានជួសជុលស្ពានហាលខាងលិច ជួសជុលសាកល្បង៩ម៉ែត្រ។ បន្ទាប់មកបានជួសជុលចម្លាក់តោពីរ។ ជណ្តើរខាងជើងសរុបទាំងអស់មាន២៦ថ្នា្កក់ដៃមានប្រវែង១១១ម៉ែត្រ ទទឹង១១ម៉ែត្រ ហើយមានជាថ្នាក់ដៃជណ្តើរមាន២៦ថ្នាក់។
លោក អ៊ា ដារិទ្ធ បានឲ្យដឹងថា ប្រាសាទព្រះវិហារនេះកសាងឡើងដោយស្តេចច្រើនជំនាន់ ចាប់តាំងពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១២។ ជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ បានកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សរ៍ទី១១ ដោយមានការអន្តរាគមច្រើនក្នុងការកសាងប្រាសាទ៕

