Cctimesw1140xh150cm copy

ស.ស.យ.ករាជធានីភ្នំពេញរៀបចំ“សិក្ខាសាលាស្តីពីការស្នើសុំអាហារូបករណ៍ទៅសិក្សានៅចិន”

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ បានរៀបចំ “សិក្ខាសាលាស្តីអំពីការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន” ដោយមានការចូលរួមពី៖ លោក ជា ម៉េងគួង នាយករងកម្មវិធីសាបព្រោះគ្រាប់ពូជ លោកបណ្ឌិត ទី លីកូ លេខាទី២ នៃស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងវាគ្មិនចំនួន ៦រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅប្រទេសចិន ក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ និងសិស្សនិស្សិតសរុបប្រមាណ ១៧០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ Hybrid ដោយអនុញ្ញាត ឱ្យមានអ្នកចូលរួមផ្ទាល់នៅ អគារខេមរានីផង និងការចូលរួមតាមអនឡាញផង (កម្មវិធី Zoom) ដើម្បីបើកឱកាសចែករំលែកទៅដល់សិស្ស និស្សិតនៅតាមបណ្ដាខេត្តអាចចូលរួម។ ជារួមកម្មវិធីបានប្រព្រឹត្តទៅ និងមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

លោក ជា ម៉េងគួង នាយករងកម្មវិធីសាបព្រោះគ្រាប់ពូជ បានបង្ហាញពីសាវតា និងតួនាទីរបស់កម្មវិធីសាបព្រោះ គ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលផ្សារភ្ជាប់នឹងការអប់រំ ជំរុញ និង លើកទឹកចិត្តដល់យុវជន និងសាធារណជន ដើម្បីទទួលបាននូវពត៌មានសិក្សាអោយបានកាន់តែទូលាយ និងជាពិសេសពត៌មានអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស។

លោកបណ្ឌិត ទី លីកូ លេខាទី២ នៃស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានលើកទឹកចិត្តសិស្ស និស្សិតកម្ពុជា ឱ្យមានឆន្ទៈ មោះមុត និងមានការតាំងចិត្តខ្ពស់ ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍មកសិក្សានៅប្រទេសចិនចិន។ លោកជា ពុំសក្ខីណា និស្សិតសាកលវិទ្យសាល័យTsinghua និងបានចែករំលែកព័ត៌មានអំពីប្រភេទអាហារូបករណ៍ដែលប្រទេសចិនបានផ្ដល់ឱ្យនិស្សិតកម្ពុជា រួមនឹងនីតិវិធីដាក់ពាក្យ និងការរៀបចំឯកសារនានាដែលគាំទ្រដល់ការដាក់ពាក្យស្នើសុំអាហារូបករណ៍។

កញ្ញា គាង ផាងហ៊លាង លោក តាំង ពេងលី លោកលឹម ហុកអៀង លោក សោម ពេជ្យដូល្លា និងលោកតុង សេងប៉ាវ ជាតំណាងនៃសាកលវិទ្យាល័យBeijing Foreign Studies University, Tongji University, Shanghai University, Tianjin University, University of Science and Technology Beijing បានចែករំលែកព័ត៌មានណែនាំអំពីជីវប្រវត្តិ ចំនុចពិសេស ជំនាញល្អៗ របស់របស់សាកលវិទ្យាល័យរបស់ខ្លួន និងជិវិតសិក្សានៅទីនោះ ជាពិសេសគឺអាហារូបករណ៍របស់សាកលវិទ្យាល័យដែលផ្ដល់ឱ្យនិស្សិតបរទេស។

ទន្ទឹមនឹងការធ្វើបទបង្ហាញអំពីខ្លឹមសារខាងលើ វាគ្មិនទាំង៦រូប បានធ្វើការពន្យល់ និងបកស្រាយបន្ថែម ដើម្បីជាការឆ្លើយតបទៅនឹងសំណួរ និងចម្ងល់ផ្សេងៗ ដែលបានលើកឡើងយ៉ាងផុលផុសពីសំណាក់អ្នកចូលរួម ទាំងអ្នកចូលរួមផ្ទាល់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ។ មួយវិញទៀតលោកតុង សេងប៉ាវ ក៏បានពាំនាំនូវខិត្តបណ្ណផ្សព្វផ្សាយ និងបន្ដោងសោរដ៏ស្រស់ស្អាតជាកាដូអនុវស្សាវរីយ៍របស់ University of Science and Technology Beijing ចែកជូនដល់បងប្អូនអ្នកចូលរួមផ្ទាល់ និងសមាជិកក្រុមការងារផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះសហការរៀបចំឡើងដោយ៖ ក្រុមការងារផ្នែកកម្មវិធី ក្រុមការងារផ្នែកស្រាវជ្រាវ និងផ្សព្វផ្សយ និងក្រុមការងារផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃកម្មវិធីសាបព្រោះគ្រាប់ពូជ។ ខាងក្រោមនេះ ជារូបភាពសំខាន់ៗក្នុងពេលរៀបចំ និងពេលដំណើរការកម្មវិធី។ កម្មវិធីសាបព្រោះគ្រាប់ពូជនឹងបន្តរៀបចំជាសិក្ខាសាលាស្ដីពីនីតិវិធីសើ្នសុំអាហារូបករណ៍ទៅសិក្សានៅបរទេសបន្តទៀត៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង