
គុយាបា៖ លោក Eduardo Martinez ប្រធានក្រុមហ៊ុន BioCubaFarma បាននិយាយកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្រគុយបា កំពុងបង្កើតវ៉ាក់សាំង COVID-19 ជាក់លាក់មួយ ដែលអាចប្រយុទ្ធប្រឆាំងនឹងកូវីដបំប្លែងថ្មី«អូមីក្រុង» ដែលបានរកឃើញថ្មីប្រកបដោយប្រសិទ្ធភាព។
លោក Martinez បានបង្ហោះសារលើ tweet កាលពីថ្ងៃពុធដោយនិយាយថា គុយបាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបាយការណ៍ស្តីពី កូវីដបំប្លែងថ្មី«អូមីក្រុង» ដោយគូសបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រគុយបាកំពុងធ្វើការលើវ៉ាក់សាំងជាក់លាក់ប្រឆាំងនឹងកូវីដបំប្លែងថ្មីនេះ។ លោកបន្តថា អ្វីដែលសំខាន់បំផុត គឺត្រូវបន្តផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំង និងរក្សាវិធានការបង្ការជំងឺរាតត្បាត។
ស្ថានភាពជំងឺរាតត្បាតនៅប្រទេសគុយបា បានធូរស្រាលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលកន្លងមក ដោយចំនួនករណីថ្មីដែលបានបញ្ជាក់ និងការស្លាប់បានធ្លាក់ចុះយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ មនុស្សជាង 9.21 លាននាក់ ឬ 82.4 ភាគរយនៃចំនួនប្រជាជននៃប្រទេសនេះ ត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹង COVID- ១៩។
ដើម្បីការពារការចម្លងកូវីដបំប្លែងថ្មី«អូមីក្រុង» ពីអ្នកដំណើរចូលក្នុងប្រទេស គុយបានឹងតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសមួយចំនួនដូចជា អាហ្រ្វិកខាងត្បូង ឡេសូថូ និងបូតស្វាណា បង្ហាញភស្តុតាងវ៉ាក់សាំង COVID-19 និងលទ្ធផលតេស្តអវិជ្ជមានដែលធ្វើឡើងក្នុងរយៈពេល 72 ម៉ោងចាប់ពីថ្ងៃសៅរ៍។ អ្នកធ្វើដំណើរត្រូវតែមាន ការធ្វើតេស្តមួយផ្សេងទៀតនៅពេលមកដល់ ហើយបន្ទាប់មកត្រូវដាក់ឱ្យនៅដាច់ដោយឡែក។
កូវីដបំប្លែងថ្មី«អូមីក្រុង» នេះត្រូវបានរាយការណ៍ ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដោយអាហ្វ្រិកខាងត្បូងនៅថ្ងៃទី 24 ខែវិច្ឆិកា។ រហូតមកដល់ពេលនេះប្រទេសនិងតំបន់ជាង 30 បានរាយការណ៍ថា មានករណីឆ្លងកូវីដបំប្លែងថ្មី«អូមីក្រុង»៕