Img 0571

ដីទន្រ្ទានជាង២ពាន់ហិចតានៅកំពង់ឆ្នាំងត្រូវបានដាំដើមឈើឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងព័ត៌មាន

កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែធ្នូនេះ បានចូលរួមពិធីដាំកូនឈើនៅតំបន់ដីដែលត្រូវបានទន្ទ្រានកាប់ព្រៃលិចទឹក ដែលស្ថិតនៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក។ នេះបើតាមឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

ក្នុងពិធីនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនមុស្លិមកម្ពុជា សមាគមនារីដើម្បីសន្តិភាព និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ចូលរួមពិធីដាំកូនឈើ ក្រោមអធិបតីភាពឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កូនឈើដែលបានដាំមានចំនួនជាង៤ពាន់ដើម ជាប្រភេទកូនឈើព្រៃលិចទឹក ត្រូវបានដាំនៅតំបន់ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្ត បានដកហូតពីអ្នកទន្ទ្រានដោយខុសច្បាប់កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និង ចាត់វិធានការជាបន្ទាន់។

ក្រុមការងារចុះពិនិត្យ និង ស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានសម្រេចដកហូតដីទន្ទ្រានមកវិញជាង២០០០ហិកតាក្នុងខេត្តកំពង់ឆ្នាំងមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ការសម្រេចនេះ ធ្វើឡើងក្រោយពីក្រុមការងារចុះបង្ក្រាបនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ២៩-៣០ វិច្ឆិកានោះ។

បើតាមលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីមានបទញ្ជាពីសម្តេច ហ៊ុន សែន ក្រុមការងារចុះពិនិត្យ និង ស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបដឹកនាំដោយឯកឧត្តម ជា សុផារ៉ា បានកំណត់គោលដៅចុះស្រាវជ្រាវក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប ហើយខេត្តកំពង់ឆ្នាំងជាខេត្តដំបូងគេដែលក្រុមការងារចុះស្រាវជ្រាវ បន្ទាប់មកខេត្តកំពង់ធំ។

លោក សេង ឡូត ជាជំហានដំបូងនៃការចុះស្រាវជ្រាវក្នុងខេត្តកំពង់ឆ្នាំង ស្រុកកំពង់លែង ក្រុមការងារនៃក្រសួងដែនដី បានសម្រេចដកហូតដីទន្ទ្រានមកវិញជាង ២១០០ហិកតា ពីមនុស្សចំនួន១៥នាក់ ដោយមនុស្សទាំង១៥នាក់នោះ គឺបានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកនោះមករដ្ឋ។

ឆ្លើយនឹងសំណួរថា តើមនុស្ស១៥នាក់នោះ មានមន្ត្រីរដ្ឋាភិបាលដែរឬទេ? អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានអះអាងថា យោងតាមបញ្ជី គឺគ្មានមន្ត្រីក្នុងជួររដ្ឋាភិបាលនោះទេ ពោលគឺឈ្មោះសុទ្ធតែជាប្រជាពលរដ្ឋទាំងអស់។លោកថា បច្ចុប្បន្នក្រសួងកំពុងស្រាវជ្រាវបន្ថែមទៀត ចំពោះករណីនេះ។ ទាក់ទងដីទន្ទ្រានជាង ២០០០ហិចតា លោក សេង ឡូត បានថ្លែងថា ក្រុមការងារលោកកំពុងរៀបចំជាលិខិតដាក់ស្នើទៅការប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ដីព្រៃទាំងអស់នោះរក្សាទុកជាដីរបស់រដ្ឋវិញ៕

រូបភាព៖ ក្រសួងព័ត៌មាន
រូបភាព៖ ក្រសួងព័ត៌មាន
រូបភាព៖ ក្រសួងព័ត៌មាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង