
ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនឈ្មោះចាង ជិហូ បន្ទាប់បានចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុក្រោយជាពីជំងឺកូរ៉ូណា កាលពីថ្ងៃទី១០កុម្ភៈម្សិលមិញ លោកបានមកសម្រាកនៅសណ្ឋាគារឃ្វីនកូ ជាមួយនឹងក្រុមគ្រួសារមួយយប់មួយថ្ងៃទៀត មុននឹងធ្វើដំណើរតាមយន្តហោះឆ្ពោះទៅប្រទេសចិនវិញនៅយប់ថ្ងៃ១១ កុម្ភៈ២០២០នេះ។
បើតាមអ្នកគ្រប់គ្រងសណ្ឋាគារបានបញ្ជាក់ថា លោកចាង ជិនហូ និងគ្រួសារត្រូវបានសណ្ឋាគារឃ្វីនកូ រៀបចំផ្តល់ជូនការស្នាក់ និងអាហារហូបចុក រួមជាមួយនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល។
តាមគម្រោង លោកចាង ជិនហូនិងគ្រួសារ នឹងចាកចេញពីសណ្ឋាគារឃ្វីនកូក្រុងព្រះសីហនុ នៅវេលាម៉ោង៧យប់ថ្ងៃ១១កុម្ភៈនេះ រួចបន្តដំណើរតាមយន្តហោះត្រង់ទៅប្រទេសចិនវិញនៅយប់ថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា ជនជាតិចិនរូបនេះឈ្មោះថា ចា ជិនហូរ អាយុ៦០ឆ្នាំ មកពីទីក្រុងវូហាន។ រូបគាត់ និង សមាជិកក្រុមគ្រួសារ៣នាក់ទៀត បានមកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា និងបានរកឃើញថាមានជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា កន្លងទៅ។កាលពីថ្ងៃម្សិលមិញ លោកចា ជិនហូរត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ បន្ទាប់ពីរូបគេមានសុខភាពល្អប្រសើរក្រោយធ្វើតេស្តអវិជ្ជមានមេរោគកូរ៉ូណាជាលើកទី៣ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។