
ហ្វ្រិកខាងត្បូង៖ អតីតទីប្រឹក្សាសុខភាពកំពូលអាហ្វ្រិកខាងត្បូងលោក Salim Abdool Karim បាននិយាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងដែលមានស្រាប់នៅតែអាចបង្ហាញថា មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដបំប្លែងថ្មី«អូមីក្រុង» ដែលត្រូវបានកំណត់អត្តសញ្ញាណថ្មីនៅអាហ្រ្វិកខាងត្បូង។
នៅក្នុងសន្និសិទសារព័ត៌មាននៅទីក្រុង Johannesburg លោក Karim បាននិយាយថា វីរុសកូវីដបំប្លែងថ្មី«អូមីក្រុង» កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ហើយករណីដែលបានបញ្ជាក់នឹងកើនឡើងនាពេលអនាគត។
លោកបន្តថា ដោយផ្អែកលើទិន្នន័យដែលមាន អ្នកវិទ្យាសាស្ត្ររំពឹងថា វ៉ាក់សាំងបច្ចុប្បន្ន នឹងនៅតែមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងមរណភាពដែលទាក់ទងនឹងអូមីក្រុង ។
ជាមួយនឹងកូវីដបំប្លែងថ្មី«អូមីក្រុង» ឥឡូវនេះមានវត្តមាននៅក្នុងខេត្តទាំងអស់នៃអាហ្រ្វិកខាងត្បូង ប្រធានាធិបតី Cyril Ramaphosa បានលើកឡើងពីលទ្ធភាពដែលប្រទេសនេះ អាចឈានចូលរលកទីបួនក្នុងពេលឆាប់ៗនេះ ប្រសិនបើករណីថ្មីនៅតែបន្តកើនឡើង។
កាលពីថ្ងៃចន្ទ អង្គការសុខភាពពិភពលោកបាននិយាយថា ភ័ស្តុតាងបឋមបង្ហាញថា អាចមានការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញជាមួយកូវីដបំប្លែងថ្មី«អូមីក្រុង» ប៉ុន្តែព័ត៌មាននៅមានកម្រិតនៅឡើយ។ ដូច្នេះព័ត៌មានលំអិតបន្ថែមអំពីជំងឺនេះ នឹងមានក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ៕