
អាហ្រ្វិកខាងត្បូង៖ មនុស្សដែលឆ្លងកូវីដបំប្លែងថ្មី«អូមីក្រុង» បង្ហាញ "រោគសញ្ញាមិនធម្មតា" ដែលខុសគ្នាខ្លះពីអ្នកដែលទាក់ទងនឹងកូវីដបំប្លែង Delta។ នេះបើតាមវេជ្ជបណ្ឌិតអាហ្វ្រិកខាងត្បូងម្នាក់ ដែលជាអ្នកដំបូងគេបានរកឃើញវីរុសនេះ។
លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូង បានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា អ្នកជំងឺកូវីដ១៩ ដែលឆ្លងមេរោគប្រភេទថ្មី បានចាប់ផ្តើមលេចឡើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា។ លោកស្រីបាននិយាយថា ករណីទី១ គឺកើតទៅលើបុរសម្នាក់ដែលបានប្រាប់លោកស្រីថា «គាត់ពិតអស់កម្លាំងខ្លាំងជាច្រើនថ្ងៃ ហើយមានអាការៈឈឺខ្លួន និង ឈឺក្បាលបន្តិចបន្តួច»។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា អ្នកជំងឺមិនបង្ហាញរោគសញ្ញា ដែលមិនពាក់ព័ន្ធនឹងកូវីដបំប្លែងដែលតាពីមុនណាមួយដូចជាក្អក បាត់បង់រសជាតិ ក្លិន និង ឈឺបំពង់ក។
ការសង្កេតរបស់លោកស្រី ត្រូវបានបញ្ជាក់មួយផ្នែកដោយសាស្រ្តាចារ្យ Barry Schoub ដែលជាអ្នកជំនាញខាងមេរោគ និងជាប្រធានគណៈកម្មាធិការប្រឹក្សារដ្ឋមន្ត្រីរបស់ប្រទេសអាហ្រ្វិកខាងត្បូងស្តីពីវ៉ាក់សាំង Covid-19។ ដោយរហូតមកដល់ពេលនេះ ករណីមានសភាពស្រាលបន្តិចហើយ លោកបានប្រាប់ Sky News កាលពីថ្ងៃអាទិត្យថា «យើងមានកម្មវិធីឃ្លាំមើលមន្ទីរពេទ្យនៅទីនេះ ហើយមិនបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ណាមួយក្នុងមន្ទីរពេទ្យនោះទេ»។
លោក Schoub បាននិយាយថា ករណីកូវីដបំប្លែងថ្មី«អូមីក្រុង» ទាំងអស់ដែលបានកត់ត្រាមកទល់ពេលនេះគឺ “ស្រាលទៅមធ្យម”។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្តព្រមានថា ទាំងនេះគឺជា “ថ្ងៃដំបូង” ហើយត្រូវរង់ចាំមើល ដើម្បីយល់កាន់តែច្បាស់អំពីគ្រោះថ្នាក់ពិតប្រាកដ ដែលបង្កឡើងដោយមេរោគថ្មីនេះ។ លោកសាស្ត្រាចារ្យក៏បានសារភាពថា កូវីដបំប្លែងថ្មី«អូមីក្រុង» រីករាលដាលយ៉ាងលឿន ហើយចំនួនករណី ដែលបានរាយការណ៍នៅអាហ្វ្រិកខាងត្បូង បានកើនឡើងពីតិចជាង ៣០០ នៃករណីថ្មីក្នុងមួយថ្ងៃ ឡើងដល់ជាង ៣,២០០ ករណី ក្នុងមួយថ្ងៃក្នុងរយៈពេល ១០ថ្ងៃ។
ការរកឃើញនៃកូវីដបំប្លែងថ្មី«អូមីក្រុង»នេះ បានបង្កឱ្យមានរលកនៃវិធានការឆ្លើយតបអន្តរជាតិ រួមទាំងការរឹតបន្តឹងការហោះហើរ និងការធ្វើដំណើរដូចជា ប្រទេសជប៉ុន អ៊ីស្រាអែល និងម៉ារ៉ុក បានហាមអ្នកធ្វើដំណើរបរទេសទាំងអស់ ហើយអូស្ត្រាលីបានពន្យារពេលបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញរយៈពេលពីរសប្តាហ៍៕