
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលែនស្គី បានព្រមានចំៗទៅកាន់រុស្ស៊ីថារដ្ឋាភិបាលរបស់លោកមិនអាចធានាសុវត្ថិភាពនៃគណៈប្រតិភូបរទេសដែលមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូ ដើម្បីចូលរួមក្បួនដង្ហែទិវាជ័យជំនះនៅថ្ងៃសុក្រខាងមុខនេះ ដែលជាការប្រារព្ធខួបលើកទី ៨០ នៃការឈ្នះសង្គ្រាមលោកលើកទី ២ របស់រុស្ស៊ីឡើយ។

មេដឹកនាំអ៊ុយក្រែនលោក ហ្សេលែនស្គី បានប្រាប់អ្នកយកព័ត៌មានថា "ជំហររបស់យើងគឺសាមញ្ញណាស់សម្រាប់ប្រទេសទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៩ ខែឧសភា យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីបានទេ។
លោក ហ្សលែនស្គី ត្រូវបានគេដកស្រង់សម្ដីបន្ថែមទៀតថា៖ «ពួកគេផ្តល់សុវត្ថិភាពដល់អ្នក ដូច្នេះយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នកឡើយ។ លោកក៏បានព្រមានផងដែរថា រុស្ស៊ីអាចរៀបចំការបង្កហេតុ រួមទាំង បំផ្ទុះគ្រាប់បែក និងអ្វីៗផ្សេងទៀត ហើយក្រោយមកចោទមកយើងជាអ្នកទទួលខុសត្រូវ។

ក្នុងទិវាប្រារព្ធខួបទី ៨០ឆ្នាំនៃការឈ្នះសង្រ្គាមលោកលើកទី២របស់រុស្ស៊ីខាងមុខនេះមានប្រធានាធិបតីចិនលោក ស៊ីជិនពីង ប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក TO LAM ស្ថិតក្នុងចំណោមមេដឹកនាំដែលគ្រោងនឹងចូលរួមក្នុងការប្រារព្ធពិធីដើម្បីរំលឹកដល់ជ័យជំនះរបស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់នៅថ្ងៃទី ៩ ខែឧសភានៅទីក្រុងមូស្គូ។

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី និងជាអតីតប្រធានាធិបតីរបស់រុស្ស៊ី បានចាត់ទុកសេចក្តីថ្លែងការណ៍របស់លោកហ្សេលែនស្គីថាថាជាការបង្កហេតុហើយលោកបានព្រមានទៀតថាប្រសិនបើមានការផ្ទុះណាមួយកំឡុងទិវានៃជ័យជម្នះរុស្ស៊ីនោះគ្នានរណាម្នាក់អាចធានាសុវត្ថិភាពដល់អ៊ុយក្រែនបានឡើយ៕