
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានប្រកាសផែនការបើកឡើងវិញ និងពង្រីកពន្ធនាគារ Alcatraz សារឡើងវិញម្តងទៀតក្រោយពីពន្ធនាគារនរកមួយនេះបានបិទទ្វារចាប់តាំងពីឆ្នាំ ១៩៦៣ មកក្រោមហេតុផលថារដ្ឋបានចំណាយលុយជាច្រើនលើពន្ធនាគារដែលដាក់ក្រុមឧក្រិដ្ឋជនសាហាវៗជាច្រើន ។ លោកបានបញ្ជាឱ្យការិយាល័យពន្ធនាគារ នាយកដ្ឋានយុត្តិធម៌ FBI និងនាយកដ្ឋានសន្តិសុខ សហការគ្នាលើការប្រែក្លាយទីតាំងនេះទៅជាកន្លែងទំនើបថ្មីមួយសម្រាប់ជាលំនៅដ្ឋានជនល្មើសដែលប្រព្រឹត្តអំពើឃោរឃៅ និងសាហាវព្រៃផ្សៃផ្សេងៗមកឃុំឃាំងនៅក្នុង Alcatraz។
បើតាមលោកដូណាល់ត្រាំការបើកគុក Alcatraz ឡើងវិញជាការបង្ហាញអំសក្ខីភាពចំពោះច្បាប់ សណ្តាប់ធ្នាប់ និងយុត្តិធម៌ដែលឃុំខ្លួនក្រុមឧក្រិដ្ឋជនទាំងអស់នោះស្របតាមអ្វីដែលពួកគេបានធ្វើចំពោះអ្នកដទៃ។ លោកបានរិះគន់ប្រព័ន្ធយុត្តិធម៌បច្ចុប្បន្នថាមានភាពយឺតយ៉ាវ និងបង្ហាញពីបំណងចង់ផ្តាច់ឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ពីសង្គមទៅរស់នៅលើកោះដាច់ស្រយា។

ជាការឆ្លើយតបអតីតប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi បានចាត់ទុកសំណើររបស់លោកត្រាំនេះពិបាកនិងទៅរួចដោយសារតែពេលនេះគុក Alcatraz នេះបានប្រែក្លាយទៅជាផ្នែកនៃ ឧទ្យានជាតិ ដែលអាចអនុញ្ញាតឲ្យភ្ញៀវទេសចរធ្វើដំណើរទស្សនកិច្ចបាន។
អ្នកជំនាញបានចង្អុលបង្ហាញពីឧបសគ្គសំខាន់ៗចំពោះផែនការនេះ រួមទាំងកង្វះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាប្រព័ន្ធទឹក និងលូនៅលើកោះ និងការកែលម្អយ៉ាងច្រើនបន្ថែមទៀតតម្រូវឱ្យបំពេញតាមស្តង់ដារពន្ធនាគារទំនើប។

គួរបញ្ជាក់ថាគុកនរក Alcatraz មានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីមាត់សមុទ្រ San Francisco ដែលស្ថិតក្នុងរដ្ឋ California •ចាប់ផ្តើមកសាង ឆ្នាំ ១៩១០–១៩១២ ដែលដំបូងឡើយជាបន្ទាយយោធា និងចុងក្រោយក៏ប្រែក្លាយជាគុកសម្រាប់ដាក់ក្រុមឧក្រិដ្ឋជនសាហាវព្រៃផ្សៃ គុកនេះបើកជាផ្លូវការនៅឆ្នំាំ ១៩៣៤ និងបិទវិញនៅ ថ្ងៃទី២១ មីនា ១៩៦៣ ដោយសារមានការចំណាយខ្ពស់ខ្លាំង៕
