
ប៉ាគីស្ថាន៖ប្រទេសឥណ្ឌា នៅថ្ងៃពុធ ទី៧ ឧសភា បានសម្រេចបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅក្នុងទឹកដីប៉ាគីស្ថាន និង តំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។ការវាយប្រហារនេះ គឺកើតឡើងក្រោយពីឥណ្ឌាចោទ ប៉ាគីស្ថាន ជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅ។គេមិនទាន់មានរបាយការណ៍លម្អិតពីផលប៉ះពាល់នៃការវាយប្រហារពីឥណ្ឌាលើប៉ាគីស្ថាននៅឡើយទេ ហើយប្រទេសប៉ាគីស្ថាន ប្រកាសសងសឹកតបតវិញ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានធំៗលើពិភពលោក ឥណ្ឌាបានបើកការវាយប្រហារចូលទឹកដីប៉ាគីស្ថាន ដោយប្រើប្រាស់មីស៊ីលចំគោលដៅដែលឥណ្ឌាចោទថាជា "ហេដ្ឋារចនាសម្ព័ន្ធភេរវករ" នៅក្នុងខេត្ត Punjab និង តំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។
ភ្លាមៗនោះ ប្រទេសប៉ាគីស្ថាន បានចេញនូវសេចក្តីថ្លែងការណ៍ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌាចំនួន ៥ គ្រឿង រួមទាំងយន្តហោះ Rafale ចំនួន ៣ គ្រឿង យន្តហោះចម្បាំង MiG-29 មួយគ្រឿង និង យន្តហោះចម្បាំង SU-30 មួយគ្រឿងក្នុងអំឡុងពេលវាយប្រហាររបស់ឥណ្ឌា ក៏ដូចជាយន្តហោះគ្មានមនុស្សបើកមួយ។
ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន បាននាំឱ្យក្តីបារម្ភកាន់តែខ្លាំងនៃសង្គ្រាមក្នុងពិភពលោក ដោយចាប់ពីព្រឹកថ្ងៃពុធនេះ ភាគីទាំងពីរបានបនតបាញ់ផ្លោងឆ្លងព្រំដែនគ្នា ខណៈអាកាសយានដ្ឋានត្រូវបានបិទសម្រាប់ចរាចរណ៍ស៊ីវិល។
អាម៉េរិកដែលជាបងធំពិភពលោក តាមរយៈក្រសួងការបរទេស បានប្រកាសថា ខ្លួនកំពុង "តាមដានយ៉ាងដិតដល់" ការផ្ទុះឡើងរវាងប្រទេសជិតខាងនៅអាស៊ីខាងត្បូង ដែលបានធ្វើសង្គ្រាមចំនួនបីលើតំបន់កាស្មៀរ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧។
ប្រទេសឥណ្ឌា បានប្រកាសចាត់ទុកការវាយប្រហារលើប៉ាគីស្ថាន គឺជាការឆ្លើតតបនឹងការសម្លាប់ទេសចរខ្លួន កាលពីថ្ងៃទី ២២ មេសា ឆ្នាំ២០២៥។ចំណែកប៉ាគីស្ថាន បានច្រានចោលការអះអាងនោះ ដោយនិយាយថា ការវាយប្រហារនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់ រួមទាំងកុមារម្នាក់ និង របួសយ៉ាងហោចណាស់រាប់សិបនាក់ផ្សេងទៀត។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានប្រកាសថា ប៉ាគីស្ថានមានសិទ្ធិឆ្លើយតបទៅនឹងអ្វីដែលលោកបានពិពណ៌នាថាជា "ទង្វើនៃសង្គ្រាម" ដោយបន្ថែមថា "ការឆ្លើយតបដ៏សមស្របមួយកំពុងត្រូវបានផ្តល់ឱ្យ" ៕