
WHO ៖ វីរុសកូវីដ១៩ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថ្មីមានឈ្មោះថា អូមីក្រុង (Omicron) កំពុងបង្កការព្រួយបារម្ភនៅទូទាំងពិភពលោក ដោយជំរុញឱ្យមានការកើនឡើងនៃការរឹតបន្តឹងការធ្វើដំណើរ ខណៈការវ៉ាក់សាំងដែលមានស្រាប់ នឹងមិនអាចបញ្ឈប់វីរុសកូវីដបំលែងថ្មីដែលទើបរកឃើញនេះទេ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីប្រភេទវីរុសថ្មី ដែលត្រូវបានគេស្គាល់ថាជា B.1.1.529 ដោយប្រកាសថាជា "វីរុសព្រួយបារម្ភ" ។
ទីភ្នាក់ងារនេះបានសន្និដ្ឋានថា ភ័ស្តុតាងបឋមបង្ហាញថា ការកើនឡើងហានិភ័យនៃការឆ្លងម្តងទៀតជាមួយនឹងវីរុសថ្មីនេះ អាចនឹងឆ្លងលឿនជាង បើប្រៀបធៀបទៅនឹងប្រភេទវីរុសដទៃទៀត។ តែទោះជាយ៉ាង គេនៅមិនទាន់ដឹងអំពីវីរុស «អូមីក្រុង» នៅឡើយទេ។
ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោក Soumya Swaminathan បានកត់សម្គាល់ថា វាមាន "ការផ្លាស់ប្តូរគួរឱ្យព្រួយបារម្ភ" ជាច្រើន ដែលអាចធ្វើឱ្យករណីឆ្លងច្រើនជាងការសង្កេតពីមុន។ ការផ្លាស់ប្តូរមួយចំនួនធំ ក៏បានជំរុញឱ្យមានការភ័យខ្លាចថា អូមីក្រុង អាចមានភាពធន់នឹងវ៉ាក់សាំង និងថ្នាំព្យាបាលដែលមានស្រាប់ ជាពិសេសដោយសារការចាក់ថ្នាំបង្ការនាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា នឹងបាត់បង់ប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសដែលទើបរកឃើញនេះ ៕