ភ្នំពេញ៖ មកដល់ពេលនេះ ឃើញថារដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិចារណារៀបចំនិស្សិតកម្ពុជាបានវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម លី ខឺជាំង នាយករដ្ឋមន្ត្រីនៃប្រទេសចិន ដោយមានការជំរុញពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយអ្វីដែលសមាគមនិងនិស្សិតកម្ពុជារំពឹងទុកគឺអាចត្រឹមដើមឆ្នាំ២០២២ខាងមុននេះ និស្សិតកម្ពុជានឹងអាចត្រលប់ទៅសិក្សានៅប្រទេសចិនវិញ។
លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា និស្សិតកម្ពុជាប្រមាណ១៨០០នាក់ដែលកំពុងសិក្សាតាមប្រព័ន្ធអនឡាញ។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បងប្អូននិស្សិតកម្ពុជាបានខិតខំសិក្សា ទោះបីជាមានការលំបាកយ៉ាងណាក៏នៅតែខិតខំសិក្សាតាមអនឡាញ។
លោក អ៊ុ វុទ្ធទី បន្តថា ទន្ទឹមនេះឃើញថានិស្សិតមួយចំនួនធំជួបបញ្ហាច្រើនពាក់ព័ន្ធនឹងការសិក្សាអនឡាញគឺលំបាក ចំណុចទី១និស្សិតថ្មីដែលទើបជាប់អាហារូបករណ៍ត្រូវសិក្សាតាមអនឡាញសិក្សាជាភាសាចិន ធ្វើឲ្យពិបាកយល់មេរៀន ដូចជាការធ្វើកិច្ចការសាលា និងធ្វើកិច្ចការស្រាវជ្រាវផ្សេងៗ ហើយភាគច្រើននិស្សិតអាហារូបករណ៍សិក្សាជាភាសាចិន និងមួយចំនួនតូចសិក្សាជាភាសាអង់គ្លេស។
បើតាមលោក អ៊ុ វុទ្ធទី ក្នុងអំឡុងពេលសិក្សាអនឡាញនិស្សិតកម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួនដូចជាការប្រើប្រាស់ភាសាដោយសារភាគច្រើននិស្សិតកម្ពុជាសិក្សាជំនាញនានាជាភាសាចិន,ពេលវេលាសិក្សា និស្សិតកម្ពុជាមួយចំនួនបានធ្វើការងារពេញម៉ោង និងក្រៅម៉ោង ដោយសារការសិក្សាអំឡុងពេលអនឡាញ និស្សិតមិនទទួលបានប្រាក់អាហារូបករណ៍ ដូច្នេះនិស្សិតខ្លះក៏បានសម្រេចចិត្តរៀនបណ្តើរ និងធ្វើការបណ្តើរ ដែលអាចប៉ះពាល់ដល់ម៉ោងរៀន,និស្សិតនៅតាមបណ្តាខេត្តបានជួបបញ្ហាអ៊ីនធើណេតខ្សោយ និងបញ្ហាបច្ចេកទេសនៅពេលរៀនអនឡាញ និងនិស្សិតកម្ពុជាពិបាករៀន និងពិបាកតាមទាន់ក្នុងការរៀនអនឡាញចំពោះនិស្សិតជំនាញដូចជាវិស្វករ សេដ្ឋកិច្ច ច្បាប់ និងជំនាញផ្សេងទៀត។
លោក ហ៊ីម កំផែ តំណាងក្រុមនិស្សិតអាហារូបករណ៍ ខេត្តអានហួយ ប្រទេសចិន។ ចំពោះការលំបាករបស់និស្សិតដែលសិក្សាតាមអនឡាញ ទី១គឺនិស្សិតខ្វះធនធានចំពោះនិស្សិតដែលមានជីវភាពខ្វះខាតត្រូវបង្ខំចិត្តដើម្បីរកការងារក្រៅម៉ោងធ្វើ ដើម្បីរកថវិកា។ មួយវិញទៀតនិស្សិតនៅតាមជនបទគឺមិនសូវមានសេវាអ៊ិនធឺណេត ដូច្នេះនិស្សិតត្រូវបង្ខំចិត្តរកផ្ទះជួល ឬក៏ឡើងមកទីក្រុង។ ចំណែកការរៀនតាមអនឡាញគ្នាច្រើនពិបាកសួរគ្រួ និងមិនសូវយល់មេរៀន។
សូមបញ្ជាក់ថា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៥ វិច្ឆិកា បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀតសម្រាប់ឆ្នាំ២០២២-២០២៣ ទៅសិក្សានៅប្រទេសចិន និង បានអះអាងថា ភាគីចិនកំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅចិនវិញ។
ការប្រកាសនេះ ធ្វើឡើងក្នុងពេលលោកបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី ១៥ វិច្ឆិកា។ ជាមួយគ្នានេះ លោក លី ខឺឈាង បានថ្លែងថា ភាគីចិនកំពុងពិនិត្យ និង ពិចារណាមើលពីលទ្ធភាព ដើម្បីបើកឱ្យនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ៕