
វេណេហ្ស៊ុយអេឡា៖ បេក្ខជនជាង ៧០,០០០ នាក់មកពី ៨៧ អង្គការនយោបាយបានចូលរួមក្នុងការបោះឆ្នោត ខណៈដែលអ្នកសង្កេតការណ៍អន្តរជាតិប្រហែល ៣០០ នាក់មកពី ៥៥ ប្រទេសបានតាមដានដំណើរការបោះឆ្នោតនេះ។
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) បាននិយាយកាលពីថ្ងៃអាទិត្យ ថា គណបក្សកាន់អំណាចរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានអះអាងនូវជ័យជម្នះដ៏ច្រើននៅក្នុងការបោះឆ្នោតរបស់ប្រទេសនេះ។
យោងតាមអាជ្ញាធរបានឱ្យដឹងថា ការបោះឆ្នោតថ្នាក់តំបន់ និងមូលដ្ឋានរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានអ្នកបោះឆ្នោតសរុបចំនួន ២១,១៥៩,៨៤៦ នាក់ដែលមានសិទ្ធិបោះឆ្នោតឱ្យបេក្ខជន ដើម្បីបំពេញមុខតំណែងចំនួន ៣,០៨២ នាក់ រួមទាំងអភិបាលក្រុង អភិបាលរង ក្រុមប្រឹក្សាក្រុង។
គណបក្ស United Socialist Party បានឈ្នះអភិបាលក្រុងចំនួន ២០ ក្នុងចំណោម ២៣ ដោយមានអ្នកទៅបោះឆ្នោតកើនឡើងដល់ ៤១.៨ ភាគរយ។ នេះបើយោងតាមលទ្ធផលបឋម ដែលចេញផ្សាយដោយក្រុមប្រឹក្សាបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យ។
សូមបញ្ជាក់ថា ការបោះឆ្នោតនៅប្រទេសវេណេហ្ស៊ុយអេឡា ធ្វើឡើងរៀងរាល់បួនឆ្នាំម្តង ដោយការបោះឆ្នោតចុងក្រោយធ្វើឡើងក្នុងឆ្នាំ ២០១៧៕