ភ្នំពេញ៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសថៃ សហការជាមួយអាជ្ញាធរកម្ពុជា និងស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ ជួយសង្គ្រោះជនជាតិថៃមួយក្រុមដែលត្រូវបានបង្ខំឱ្យធ្វើការដូចទាសករនៅក្នុងទីក្រុងភ្នំពេញ និង ចាប់ខ្លួនជាច្រើននាក់ទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទជួញដូរមនុស្ស។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ nation thailand។
នាយឧត្តមសេនីយ៍ Surachet Hakphan ជំនួយការអគ្គស្នងការនគរបាលជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូលីសបានទទួលព័ត៌មានថា មានជនជាតិថៃប្រមាណជាង ៣០០ នាក់ ដែលធ្វើការនៅក្នុងអគារមួយក្នុងរាជធានីភ្នំពេញ។មន្ត្រីបានឆ្មក់ចូលអគារនោះ ហើយចាប់ខ្លួនជនជាតិថៃ ៩ នាក់ ដែលចោទថា បាននាំជនរងគ្រោះទៅធ្វើការនៅទីនោះ និងជនជាតិចិន ២០ នាក់ ដែលចោទប្រកាន់ថាបានបើកប្រតិបត្តិការ។
ជនរងគ្រោះទាំងអស់នោះ ត្រូវបានបង្ខំឱ្យធ្វើការជិត២០ម៉ោងជារៀងរាល់ថ្ងៃ ហើយមនុស្សទាំងនេះត្រូវបានបង្ខំឱ្យរស់នៅក្នុងអគារ មិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទ ឬហៅទូរស័ព្ទទៅកាន់គ្រួសាររបស់ពួកគេ ហើយត្រូវបានគេធ្វើបាបរាងកាយ។ លោក Surachet បាននិយាយថា "ជនរងគ្រោះជាច្រើនមានសញ្ញានៃការរំលោភលើរាងកាយរបស់ពួកគេ"។
ស៊ីស៊ីថាមស៍មិនអាចសុំការបញ្ជាក់បន្ថែមពីខាងអាជ្ញាធរកម្ពុជាបាននៅឡើយទេនៅថ្ងៃនេះ។
ចំណែកពលករ ២១៤ នាក់បានត្រឡប់ទៅប្រទេសថៃវិញ និង ៩៩ នាក់ផ្សេងទៀតកំពុងរង់ចាំដំណើរការឯកសារ។ចំពោះជនជាតិថៃ និង ចិនទាំងអស់ដែលត្រូវបានឃុំខ្លួននឹងត្រូវនាំទៅប្រទេសថៃ ដើម្បីកាត់ទោស។នេះបើតាមនគរបាលបាលថៃ៕
