
ភ្នំពេញ៖រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមនឹងបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និង ភេសជ្ជៈ (កាហ្វេ និងក្រឡុកស្រា) ចាប់ពីខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ បច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ បានរៀបចំថតផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ ដែលឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈនេះធ្វើឡើងដោយឈរលើទស្សនវិជ្ជាមួយចំនួនដូចជា៖ តម្លៃទាប, ឆ្ងាញ់, គុណភាព និងស្នាមញញឹម។ ការនង្កើតវគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យកូនខ្មែរបានទទួលយកនូវជំនាញ ចំណេះ ហើយពួកគាត់ប្រើប្រាស់ជំនាញវិជ្ជាជីវៈ ទេពកោសល និងកម្លាំងពលកម្ម នៅពេលដែលគាត់ទៅធ្វើការនៅបរទេស។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ទស្សនវិជ្ជានេះកើតមកពីការសិក្សា ស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាទៅលើ៥ប្រទេសដូចជា វៀតណាម, ម៉ាឡេស៊ី, ថៃ, សិង្ហបុរី និងកូរ៉េខាងត្បូង ដែលមានការជួយឧបត្ថម្ភពី NRC។
ដូចនេះទស្សននេះមានន័យថា គឺជាជួយផ្សព្វផ្សាយពិស្នាដៃកម្ពុជា និងជាពិសេសអាចផ្តល់ការងារឱ្យអ្នកមានវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ ក្នុងស្រុកអាចរកចំណូលសម្រាប់គ្រួសារបាន ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅឆ្នាំ២០៣០ខាងមុខនេះបាន។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៕

