
ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយថា ការប្រើពាក្យ មិនគ្រប់គ្រាន់ ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួននៅតាមព្រំដែនប្រទេសប៉ូឡូញជាមួយប្រទេសបេឡារុស្សទេ លោកទាមទារឱ្យអង្គការណាតូចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហានេះ។
លោក Morawiecki បានប្រាប់ទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP កាលពីថ្ងៃអាទិត្យថា "គ្មានអ្វីគួរឱ្យសង្ស័យទេ ដែលថាអ្វីៗបានទៅឆ្ងាយ" ហើយ "ហើយការប្រើពាក្យមិនគ្រប់គ្រាន់ទេ ដើម្បីបញ្ឈប់វិបត្តិព្រំដែន។លោកបន្ថែមថា មេដឹកនាំនៃប្រទេសឡាតវី និងលីទុយអានី កំពុងពិចារណាលើការកោះហៅមាត្រាទី ៤ នៃសន្ធិសញ្ញាណាតូ ដើម្បីលើកទឹកចិត្តឱ្យសម្ព័ន្ធមិត្ត ចាត់វិធានការមួយចំនួនលើស្ថានភាពនៅព្រំដែនភាគខាងកើតនៃប្រទេសប៉ូឡូញជាមួយបេឡារុស្ស។
មាត្រា ៤ ចែងថា ភាគីនៃសន្ធិសញ្ញាត្រូវធ្វើការពិគ្រោះយោបល់ "នៅពេលណាក៏ដោយ តាមគំនិតរបស់ពួកគេ ទាក់ទងនឹងបូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខនៃភាគីណាមួយ ត្រូវបានគំរាមកំហែង"។
ប្រមុខរដ្ឋាភិបាលប៉ូឡូញ បាននិយាយផងដែរថា ទណ្ឌកម្មថ្មីប្រឆាំងនឹងបេឡារុស្ស គឺនៅលើតុ ហើយនឹងត្រូវបានពិចារណានៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់នៃក្រុមប្រឹក្សាអឺរ៉ុបដែលស្នើដោយប៉ូឡូញ។ លោកបានមានប្រសាសន៍ថា «យើងពិតជានឹងពិភាក្សាអំពីទណ្ឌកម្មបន្ថែមទៀត រួមទាំងការបិទព្រំដែនទាំងស្រុងផងដែរ»។
គួររំលឹកផងដែរថា អ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ភាគច្រើនមកពីមជ្ឈិមបូព៌ា បានបោះជំរុំនៅព្រំដែនបេឡារុស្ស។ សហភាពអឺរ៉ុបបានចោទប្រកាន់ប្រទេសបេឡារុសថា ជាអ្នករៀបចំវិបត្តិជនភៀសខ្លួន ។ ទីក្រុង Minsk បានបដិសេធម្តងហើយម្តងទៀត ដោយពន្យល់ថា ខ្លួនមិនអាចមានលទ្ធភាពបង្កើនសន្តិសុខតាមព្រំដែនបានទេ ដោយសារការដាក់ទណ្ឌកម្មពីទីក្រុងប្រ៊ុចសែល៕