
ចិន៖ នៅថ្ងៃទី ១២ ខែវិច្ឆិកា វ៉ាក់សាំងការពារកូវីដ-១៩ ថ្មី ដោយប្រើមាត់បឺត មានឈ្មោះថា Convidecia ផលិតដោយក្រុមហ៊ុនចិន CanSino Biologics បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍ឧស្សាហកម្មសុខភាពអន្តរជាតិហៃណានលើកទី ៥ និងវេទិកាឧស្សាហកម្មវេជ្ជសាស្ត្រ និងសុខភាពអន្តរជាតិរបស់ប្រទេសចិន។
នៅក្នុងពិព័រណ៍នោះ ក្រុមហ៊ុនបានប្រើសូលូយស្យុងអំបិល (Saline) ជំនួសឱ្យវ៉ាក់សាំង ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍បឺតចូលក្នុងខ្លួន។
បើតាមការបង្ហាញវិធីប្រើប្រាស់តាមរបស់បុគ្គលិកក្រុមហ៊ុននោះបាននិយាយថា « យើងអាចប្រើម្ជុលសឺរុំាងបាញ់(វ៉ាក់សាំង)ចូលតាមឧបករណ៍ធ្វើឪ្យក្លាយទៅផ្សែងដើម្បីបឺត ឬ ស្រូប។ យើងដាក់កែវខាងក្រោមនេះ ពេលដែលមានផ្សែងហើយ យើងអាចប្រើមាត់បឺត ពេលនោះវ៉ាក់សាំងនឹងចូលក្នុងខ្លួនតាមប្រព័ន្ធបំពង់ដកដង្ហើម»។
បុគ្គលិកបន្តថា «យើងបានដឹងថា វីរុសគឺវាចូលតាមប្រព័ន្ធបំពង់ដកដង្ហើមយើង ដូច្នេះ ពេលបឺតវ៉ាក់សាំងទៅប្រព័ន្ធបំពង់ដកដង្ហើម វានឹងមានប្រព័ន្ធការការពារ តែបើចៃដនវីរុសចូលតាមប្រពន្ធដកដង្ហើម ប្រពន្ធការពារនឹងធ្វើការកម្ចាត់ភ្លាម។ មានន័យថា នៅពេលបឺតវ៉ាក់សាំងហើយ យើងមិនអាចចម្លងមេរោគទៅអ្នកផ្សេងដែលនៅជុំវិញយើងទេ»។
បុគ្គលិកបានបញ្ជាក់ថា « វ៉ាក់សាំងនេះ យើងចាក់(បឺត ឬ ស្រូប)តែមួយដូសទេ ក្នុងរយៈពេល ១៤ ថ្ងៃនឹងអាចមានប្រសិទ្ធភាពការពារបាន។ ដូចេ្នះចំពោះអ្នកដែលប្រញាប់ចេញទៅបរទេស ឬ មានជំងឺ រាតត្បាតនៅក្នុងតំបន់ ហើយចង់បង្កើតភាពស៊ាំក្នុងសហគមន៍ឲ្យបានលឿននោះ វ៉ាក់សាំងនេះជា ជម្រើសដ៏ល្អ វាមានភាពលឿន សាមញ្ញ និងងាយស្រួល»៕
