.jpg?1636709598)
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន មានបទសម្ភាសន៍ជាមួយទូរទស្សន៍CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តEV។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុលពន្យល់ថា ការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី(EV)កំពុងឋិតក្នុងដំណាក់ កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តEV។
ឯកឧត្តមបញ្ជាក់ថា កម្ពុជាកំពុងស្វែងរកអ្នកវិនិយោគមកវិនិយោគស្ថានីយសាកថ្មនេះផងដែរ។ សព្វថ្ងៃនេះ កម្ពុជាមិនទាន់មានស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនយើងឱ្យទិញរថយន្តEVនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបន្ថែមថា រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន(PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់ គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។
មួយវិញទៀត បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន៥០%។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល នៅកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍CNBC តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៕
