
ភ្នំពេញ៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ វិបត្តិកូវីដ-១៩»។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថាASEP គឺជាព្រឹត្តិការណ៍អមមួយ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ផងដែរ។
កិច្ចប្រជុំកំពូលនេះ នឹង មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ី ប្រធានគ ណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះជាលើកទី១សម្រាប់សភាកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែល ត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិការណ៍នេះនឹង ជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តសហសម័យរបស់កម្ពុជា។
នៅក្នុងពិធីបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែង សុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា ដែលមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)៕

