
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្រ្ត វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕