
អ៊ីរ៉ង់៖ អ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងដែនទឹកក្បែរច្រកសមុទ្រអូម៉ង់ កាលពីថ្ងៃទី ៧ ដោយមានការចូលរួមពីផ្នែកជាច្រើន។
អ្នកនាំពាក្យសមយុទ្ធយោធាលោក ម៉ាម៉ោដ ម៉ូសហ្សាវី (Mahmoud Mousavi) បានប្រាប់ស្ថានីយទូរទស្សន៍ជាតិរបស់អ៊ីរ៉ង់ថា "សមយុទ្ធយោធានេះធ្វើឡើងនៅតាមឆ្នេរសមុទ្រនៃឈូងសមុទ្រអូម៉ង់ គឺក្នុងគោលបំណងបង្ហាញពីកម្លាំងយោធារបស់ប្រទេស និងស្ថានភាពនៃការត្រៀមខ្លួនប្រឆាំងនឹងសត្រូវ"។
យោងតាមទូរទស្សន៍ជាតិអ៊ីរ៉ង់ សមយុទ្ធយោធាមានឈ្មោះកូដ "Zolfajal-1400" គ្របដណ្តប់លើផ្ទៃទឹកពីចុងខាងកើតនៃច្រកសមុទ្រអូម៉ង់ ទៅកាន់ភាគខាងជើងមហាសមុទ្រឥណ្ឌា និងផ្នែកខ្លះនៃសមុទ្រក្រហម ជាមួយនឹងផ្ទៃដីសរុបជាច្រើនជាង ១ លានគីឡូម៉ែត្រការ៉េ។
កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងជើងគោករបស់អ៊ីរ៉ង់ នឹងចូលរួមក្នុងសមយុទ្ធយោធានេះ ដោយបញ្ជូនយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្តហោះដឹកជញ្ជូន នាវាមុជទឹក ដ្រូន និងឧបករណ៍ផ្សេងៗទៀត។ ខណៈរបាយការណ៍មិនបានបញ្ជាក់ពីរយៈពេលនៃការធ្វើសមយុទ្ធនេះទេ។
ច្រកសមុទ្រអូម៉ង់ គឺជាបណ្តាញដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ដែលផ្ទុកប្រហែល 20% នៃការដឹកជញ្ជូនប្រេងឆៅរបស់ពិភពលោក។ ចាប់តាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងទូលំទូលាយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ និងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ប្រទេសទាំងពីរមានការប៉ះទង្គិចគ្នានៅក្នុងតំបន់សមុទ្រនេះ ពីមួយពេលទៅមួយពេល។
មន្ត្រីអាមេរិកបានអះអាងកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់បានស្ទាក់ចាប់នាវាដឹកប្រេងបរទេសនៅឈូងសមុទ្រអូម៉ង់ក្នុងខែតុលា។ ប៉ុន្តែភាគីអ៊ីរ៉ង់បានចោទប្រកាន់កងទ័ពជើងទឹកអាមេរិកថា បានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងដែលដឹកប្រេងអ៊ីរ៉ង់នៅក្នុងឈូងសមុទ្រអូម៉ង់ក្នុងគោលបំណងដើម្បី "លួច" ប្រេង ប៉ុន្តែត្រូវបានបញ្ឈប់ដោយកងកម្លាំងជើងទឹកអ៊ីរ៉ង់។
ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីរ៉ង់បានផ្អាកជាបណ្តើរៗនូវការអនុវត្តលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀងចាប់តាំងពីខែឧសភា ឆ្នាំ ២០១៩ មក។
បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងខែមករាឆ្នាំនេះ លោក Joseph Biden បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការត្រលប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ។ ភាគីពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានបើកកិច្ចចរចាជាច្រើនលើកនៅទីក្រុងវីយែន រដ្ឋធានីនៃប្រទេសអូទ្រីសក្នុងខែមេសា ដើម្បីពិភាក្សាអំពីការបន្តអនុវត្តកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានភាពខុសប្លែកគ្នាយ៉ាងធ្ងន់ធ្ងររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការផ្លាស់ប្តូររដ្ឋាភិបាលអ៊ីរ៉ង់ កិច្ចពិភាក្សាជុំថ្មីមិនត្រូវបានធ្វើឡើងជាយូរប៉ុន្មានទេ៕