ភ្នំពេញ៖ អ្នកនាង រស់ រតនៈ ស្ថានិកក្រុមហ៊ុន Chef Nak បានចងក្រងសៀវភៅមួយក្បាលចំណងជើងថា «ញ៉ាំ» ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍អ្នកនាង រស់ រតនៈ បានថ្លែងថា បេសកកម្មអ្នកនាងដែលបានធ្វើកន្លងមកគឺ(១)ការពារ(Protect) (២)អភិរក្ស(Preserve) និង(៣)ផ្សព្វផ្សាយ(Promote) ក្នុងគោលដៅលើកស្ទួយ និងលើកតម្កើង បង្ហាញមុខម្ហូបខ្មែរឱ្យមានវត្តមាននៅប្រទេសដទៃទៀតបានដឹង ស្គាល់រសជាតិដ៏អសា្ចរ្យនូវរូបមន្តពីផ្ទះបាយខ្មែរ។
សៀវភៅ«ញ៉ាំ»មានរូបមន្ត ជិត ៨០មុខ វាមិនត្រឹមតែនិយាយអំពីម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រាប់ពីរឿងរ៉ាវរបស់ប្រទេសកម្ពុជាតាមរយៈអាហារផងដែរ ដែលបានរៀបរាប់លម្អិតពីព័ត៌មានគ្រប់យ៉ាង ចាប់តាំងពីការជ្រើសរើសមុខម្ហូបរហូតដល់វិធីចម្អិន។នេះបើតាមការលើកឡើងរបស់អ្នកនាង រស់ រតនៈ ស្ថានិកក្រុមហ៊ុន Chef Nak។
អ្នកនាង រស់ រតនៈ (Chef Nak) បានបញ្ជាក់ថា« សៀវភៅចំណងជើងថា«ញ៉ាំ» វាមានលក្ខណៈចម្រុះ ត្រូវបានជះឥទ្ធិពល និងបំផុសដោយទេសភាព ភាពសម្បូរបែបនៃភាពចម្រុះដែលបង្ហាញពីជីវិតតាំងពីទីក្រុងរហូតដល់ជនបទ ក្នុងនោះបានរៀបរាប់ពី រសជាតិមុខម្ហូប និងរបៀបនៃការចម្អិនផ្សេងៗគ្នា តាមតំបន់ រួមជាមួយនឹងសាច់រឿងរបស់ម្ហូបនីមួយៗ វាក៏បានឆ្លុះបញ្ជាំងអត្ថប្រយោជន៍នៃគ្រឿងផ្សំសម្រាប់សុខភាព ដើម្បីលើកស្ទួយមុខម្ហូបខ្មែរឡើងលើឆាកពិភពលោក និងការពារបេតិកភណ្ឌវប្បធម៌នេះសម្រាប់មនុស្សជំនាន់ក្រោយ»។
បើតាមអ្នកនាង រស់ រតនៈ បានបញ្ជាក់ថា « ខ្មែរយើងពីដើមមានទម្លាប់ការនិយាយប្រាប់តៗគ្នាច្រើនជាងការកត់ត្រាវិញ បូកផ្សំជាមួយផលប៉ះពាល់នៃសង្គ្រាមផង ហើយជាលទ្ធផលធ្វើឱ្យចំណេះដឹងទាក់ទងនឹងម្ហូបប្រពៃណីខ្មែរនេះខ្សត់ខ្សោយទៅៗ ពីមួយជំនាន់ទៅមួយជំនាន់។
អ្នកនាងបន្តថា ១៥ឆ្នាំមុន ការសន្ទនាជុំវិញម្ហូបអាស៊ីអាគ្នេយ៍ឈានដល់កំរិតកំពូល ឃើញម្ហូបប្រទេសជិតខាងត្រូវបានគេប្រារព្ធ និងប្រើប្រាស់ទូទាំងពិភពលោក នៅ ខណៈដែលម្ហូបខ្មែរនៅតែមិនទាន់ត្រូវបានស្គាល់ ហើយមិនមានការពិភាក្សាណាមួយអំពីម្ហូបខ្មែរនោះទេ។ ហេតុនេះបានចងក្រងមុខម្ហូបក្នុងសៀវភៅ«ញ៉ាំ» និងការដែលបង្កើតវីដេអូធ្វើម្ហូបខ្មែរ ដើម្បីចែករំលែកអំពីការធ្វើម្ហូបតាមបែបខ្មែរ ដើម្បីប្រជាជនក្នុងស្រុក និងទូទាំងពិភពលោក។
អ្នកនាង រតនៈ តែងតែគិតថា ថ្ងៃណាមួយមុខម្ហូបខ្មែរទាំងអស់នេះ នឹងមានវត្តមានលើឆាកអន្តរជាតិ។ ក្នុងសៀវភៅនោះមានទាំងរូបភាពម្ហូបបែបសាមញ្ញនៅផ្ទះ មានរូបរាងស្អាតហើយគួរឱ្យចង់ញ៉ាំ។ អ្វីដែលសំខាន់ទៀតនោះគឺការជ្រើសរើសបន្លែ គ្រឿងផ្សំ និងគ្រឿងទេសផ្សេងៗ ជាង ១០០មុខ និងសាច់រឿងនៃមុខម្ហូបនីមួយៗ ទៅតាមរដូវកាល និងមជ្ឈដ្ឋាននីមួយៗដោយសមហេតុផល។
ស្ថានិកសៀវភៅ«ញ៉ាំ»រូបនេះ ពិតជាជឿជាក់ថា មានមនុស្សជាច្រើនដែលចង់ដឹងពីមុខម្ហូបខ្មែរមានអ្វីពិសេស ចង់សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ព្រោះពួកគាត់យល់ច្បាស់ពីតម្រូវការនៃការធ្វើយ៉ាងណាដើម្បីបានដឹងពីភាពពិតប្រាកដនៃអត្តសញ្ញាណម្ហូបខ្មែរ។ នេះជាហេតុផលដែលអ្នកនាង រតនៈ ព្យាយាមចងក្រងសៀវភៅអំពីមុខម្ហូបខ្មែរ រាល់ថ្ងៃ គឺមិនមែនសម្រាប់តែរូបអ្នកនាងផ្ទាល់ តែសម្រាប់អ្នកគ្រប់គ្នាជាប្រជាជនខ្មែរ ក្នុងការយល់ច្បាស់ពីម្ហូបរបស់ខ្លួនឯងហើយ និងបានឱ្យអន្តរជាតិបានស្គាល់ បានដឹង បានភ្លក់ពីរសជាតិដ៏អស្ចារ្យរបស់ម្ហូបខ្មែរយ៉ាងប្រាកដ។
អ្នកនាង រតនៈថ្លែងថា ការចងក្រងសៀវភៅនេះ ចាប់តាំងពីដើមឆ្នាំ២០១៨ មក ក្នុងការបើកចិត្តក្នុងការសិក្សាមុខម្ហូបខ្មែរគ្រប់យ៉ាង ដោយចំណាយពេលវេលា និងថវិកាច្រើន។ តែនេះគឺជាការស្រលាញ់ ត្រូវអត់ធ្មត់ ទាំងដែលខ្លួនមិនចូលចិត្តការសរសេរនិពន្ធទាល់តែសោះ អ្នកនាងត្រូវប្ដេជ្ញាចិត្ត ខិតខំចងក្រងសៀវភៅរូបមន្តធ្វើម្ហូបពីផ្ទះបាយខ្មែរ ដែលជាខេមរភាសា និងភាសាអង់គ្លេស។ ហើយត្រូវបានការចាប់អារម្មណ៍ពីបណ្ដាប្រទេសជាង ៣៥ប្រទេសហើយដែលបានជាវយកទៅប្រើប្រាស់ និងបានទទួលស្គាល់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពាក្យជោគជ័យក្នុងជីវិតអ្នកនាងរតនៈ គឺធំ និងឆ្ងាយ តួយ៉ាង ការដែលធ្វើឱ្យប្រទេសដទៃទៀតបានទទួលស្គាល់មុខម្ហូបខ្មែរ ឱ្យបានទូលំទូលាយនៅលើសាកលលោក។ ជួនកាល បើគិតទៅដល់ជោគជ័យទាំងនោះ វាអាចនឹងធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្តមិនអាចចាប់ផ្ដើមការងារនោះតែម្ដង។ ផ្ទុយទៅវិញ Chef Nak មានគោលការណ៍ វិធីសាស្រ្តដោយបែងជាភាពជោគជ័យប្រចាំឆ្នាំ ប្រចាំខែ ប្រចាំសប្ដាហ៍ និងប្រចាំថ្ងៃ។ នេះគឺជាជោគជ័យត្រូវបានកំណត់ជាលក្ខណៈពីមួយដំណាក់ៗ ដែលធ្វើឱ្យ Chef Nak អាចសម្រេចបាន។ ពោលគឺចាប់ផ្ដើមពីជំហានជោគជ័យតូចៗសិន មុននឹងឈានទៅដល់ជំហានជោគជ័យធំបាន។
ដោយឡែក សៀវភៅទីពីរដែល Chef Nak ចងក្រងបន្ទាប់ពីសៀវភៅ«ញ៉ាំ» គឺពាក់ព័ន្ធនឹងសហគ្រិនភាព ភាពជាអ្នកដឹកនាំក្រុមហ៊ុនមួយ ក៏ដូចជាភាពជាអ្នកដឹកនាំដំណើរផ្លូវជីវិតនៃការធ្វើអ្វីមួយឱ្យបានសម្រេច។ សៀវភៅទីបី អំពីម្ហូបឆ្ងាញ់ ល្អសម្រាប់ផ្ដល់សុខភាព ចំណាយពេលតិចក្នុងការធ្វើ ល្អសម្រាប់អ្នកស្រលាញ់សុខភាព អ្នកចង់រក្សា និងបញ្ចុះទម្ងន់ ហើយល្អសម្រាប់ឪពុកម្ដាយសម័យថ្មី និងសៀវភៅទីបួនទៀត ដែលបងចង់ធ្វើឱ្យបានលឿនបំផុតគឺទាក់ទងនឹងមុខម្ហូបដែល Chef Nak មិនដឹង ហើយទាមទារធ្វើដំណើរនៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ សាកសួរពិភាក្សាជាមួយពូមីង ចាស់ទុំៗ អំពីសាច់រឿង គ្រឿងផ្សំនីមួយៗ និងរបៀបធ្វើម្ហូបប្រចាំតំបន់នីមួយៗ នៃបទពិសោធន៍ផ្សេងៗ ប្លែកពីគ្នានៅតាមតំបន់នីមួយៗ។
ជាចុងក្រោយ Chef Nak និយាយផ្ដាំថា «សូមកុំសម្រេចចិត្តធ្វើអ្វីមួយ ដោយសារតែខ្លួនជាមនុស្សស្រី ឬប្រុសឡើយ។ ដើម្បីទទួលបានការគាំទ្រពីអ្នកដទៃ យើងត្រូវចាប់ផ្ដើមបង្ហាញពីអ្វីដែលយើងអាចធ្វើបានជាមុនសិន។ កុំរំពឹងឱ្យគេមកជួយយើង ដរាបណាយើងមិនបានធ្វើអ្វីសោះនោះ។ បើសិនយើងចាប់ផ្ដើម ទោះបីវាមិនទាន់បានជោគជ័យក៏ដោយ តែយើងបានរៀនសូត្របានយ៉ាងច្រើនខ្លាំង។ ការចាប់ផ្ដើមតូច មិនមែនជាបញ្ហា ប៉ុន្តែបើមិនមានគម្រោងក្នុងពង្រីកសមត្ថភាពខ្លួនឯងថ្មីៗទេ នោះទើបជាបញ្ហា។ ពេលយើងគិតថាមិនអាចទៅរួចមុនទៅហើយ ទាំងមិនទាន់ចាប់ផ្ដើមធ្វើផងនោះ វានឹងមិនអាចទៅរួចយ៉ាងពិតប្រាកដ។ សូមកុំខ្លាចក្នុងការចាប់ផ្ដើម ខ្លាចបរាជ័យ និងខ្លាចគេសើច ព្រោះអ្នកដែលរស់នៅជាមួយយើងពេញមួយជីវិតនោះគឺ ខ្លួនយើង មិនមែនគេឡើយ។ ហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ ហើយចាប់ផ្ដើមធ្វើសកម្មភាពឡើងមក ដោយការតាំងចិត្តមុតមាំ»។
សូមបញ្ជាក់ថា ស្ថានិកក្រុមហ៊ុន Chef Nak និងស្ថានិកសៀវភៅ«ញ៉ាំ»រូបនេះ បានចំណាយពេល ២ឆ្នាំចុងក្រោយ ដោយមានការសហការជាមួយអ្នកនាង ណាតាលី លី (Nataly Lee) ជាអ្នកជំនាញថតរូប និងគំនិតច្នៃប្រឌិត ក្នុងការរចនាសៀវភៅម្ហូបខ្មែរនេះ។ បច្ចុប្បន្ន ស្ថានិកក្រុមហ៊ុន Chef Nak អ្នកនាង រស់ រតនៈ បានសហការដៃគូជាមួយនឹងសណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ(Rosewood Phnom Penh) ដើម្បីនាំយកម្ហូបបែបប្រពៃណីខ្មែរបង្ហាញនៅភោជនីយដ្ឋានមួយនៃអគារវឌ្ឍនៈ។ នៅឆ្នាំ ២០១៩ អ្នកនាងបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយនាំយករឿងរ៉ាវម្ហូបខ្មែរទៅកាន់ពិភពលោក។ ហើយថ្មីៗ Chef Nak នឹងគម្រោងអញ្ជើញទៅប្រទេសឥណ្ឌាបន្តទៀតផងដែរ៕