Cctimesw1140xh150cm copy

ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ត្រូវបានគេសង្ស័យថាជាអំពើភេរវកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
នាយករដ្ឋមន្ត្រីលោក មូសថាហ្វា អាល់ កាឌីមី (Mustafa Al qadimi) ប្រភពរូប ៖ ស៊ីនហួរ

អ៊ីរ៉ាក់៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារដោយដ្រូនលើគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីលោក មូសថាហ្វា អាល់ កាឌីមី (Mustafa Al qadimi) នៅព្រឹកព្រលឹមនៃថ្ងៃដដែលនោះ គឺជាសកម្មភាពនៃ "អំពើភេរវកម្ម" ហើយប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងប្រទេសដទៃទៀតបានថ្កោលទោសលើការវាយប្រហារនេះ។

លោក កាឌីមី បានហៅមន្ត្រីសន្តិសុខជាន់ខ្ពស់នៅថ្ងៃដដែល ដើម្បីពិភាក្សាអំពីការវាយប្រហារនេះ។ បន្ទាប់ពីកិច្ចប្រជុំ ការិយាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស "ការវាយប្រហារភេរវកម្មដ៏កំសាក" ដោយ "ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ" នៅលើគេហដ្ឋានរបស់លោក ក្នុងគោលបំណងធ្វើឃាត ។

លំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីនៅក្នុង "តំបន់បៃតង" នៃរដ្ឋធានី Baghdad ត្រូវបានវាយប្រហារដោយដ្រូនផ្ទុកគ្រឿងផ្ទុះនៅព្រឹកព្រលឹមនៃថ្ងៃពុធ ធ្វើឱ្យខូចខាតផ្នែកខ្លះនៃលំនៅដ្ឋាន និងធ្វើឱ្យសន្តិសុខជាច្រើននាក់រងរបួសនៅក្នុងផ្ទះរបស់លោក កាឌីមី។ ខណៈតំបន់បៃតងនេះ រួមមានទីភ្នាក់ងាររដ្ឋាភិបាលអ៊ីរ៉ាក់ និងស្ថានទូតបរទេសផ្សេងទៀត។

បន្ទាប់ពីហេតុការណ៍បានកើតឡើង លោក កាឌីមី បានបន្សល់ទុកសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបញ្ជាក់ឱ្យសាធារណជនបានដឹងយ៉ាងច្បាស់ថា គាត់មានសុវត្ថិភាព ដោយអំពាវនាវឱ្យភាគីទាំងអស់ "រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ដើម្បីផលប្រយោជន៍របស់អ៊ីរ៉ាក់"។

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃដែលនិយាយថាដ្រូនចំនួនបីគ្រឿងបានចូលរួមក្នុងការវាយប្រហារនេះ ខណៈពីរគ្រឿងត្រូវបានស្ទាក់ចាប់ និងបាញ់ទម្លាក់ដោយកងកម្លាំងសន្តិសុខ និងទីបីបានវាយប្រហារលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រី។ ប្រភពសន្តិសុខជាច្រើនបានប្រាប់ AFP ថា ដ្រូនបីបានហោះចេញពីក្បែរស្ពានសាធារណៈក្នុងទីក្រុងបាដាដ។

ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយ ចេញមុខសារភាពថា បានធ្វើការវាយប្រហារនេះទេ។ មន្ត្រីសន្តិសុខអ៊ីរ៉ាក់ម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ Reuters ថា បំណែកដ្រូនត្រូវបានគេរកឃើញ ហើយកំពុងរង់ចាំការស៊ើបអង្កេតបឋម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង