
ភ្នំពេញ៖ ការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ វឌ្ឍនភាពសរុបសម្រេចបាន ៩៥% ហើយ នេះបើតាមក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា។
ក្រសួងសាធារណការបានចេញផ្សាយថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
ក្រសួងបានជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១។
អង្គប្រជុំបានផ្តោតការពិភាក្សាជាសំខាន់លើបញ្ហា ដែលនៅសេសសល់មួយចំនួនរួមមាន៖ ការអញ្ជើញ និងការឆ្លើយតបពីភាគីពាក់ព័ន្ធក្នុងការចូលរួមកិច្ចប្រជុំ របាយការណ៍លម្អិតអំពីកម្មវិធីបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ការពិនិត្យលើការរៀបចំប្រព័ន្ធវីដេអូ និងប្រព័ន្ធសំឡេងសម្រាប់ដំណើរការនៃកិច្ចប្រជុំពាក់ព័ន្ធ និងការជំរុញរៀបចំអត្ថបទដឹកនាំ (Script) កិច្ចប្រជុំស្របតាមរបៀបវារៈនៃកិច្ចប្រជុំសំខាន់ៗផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញពាក់ព័ន្ធរៀបចំអត្ថបទដែលត្រូវចុះផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យមានខ្លឹមសារ ដើម្បីរំលេចឱ្យ ឃើញពីសមិទ្ធផលសំខាន់ៗក្រោមដំបូលសន្តិភាព នៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាក់ទងនឹងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ដើម្បីបង្ហាញមុខមាត់កម្ពុជា លើឆាកអន្តរជាតិ ឲ្យបានជ្រួតជ្រាប។
សូមបញ្ជាក់ថា នេះជាលើកទីបីហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលក្នុងនោះ៖ កិច្ចប្រជុំលើកទីមួយបានប្រព្រឹត្តទៅនៅឆ្នាំ២០០៤ លើកទីពីរកាលពីឆ្នាំ២០១២ និងលើកទីបី នៅឆ្នាំ២០២១នេះ៕