ភ្នំពេញ៖ សិស្សានុសិស្សមួយចំនួនបានលើកឡើងថា ការសិក្សារបស់ខ្លួនមានភាពប្រសើរឡើង ក្រោយពីសាលារៀនបានបើកដំណើរការឡើងវិញ។ ទោះបីជាការសិក្សានៅសាលាផ្ទាល់ទើបតែចាប់ផ្តើមក្នុងសប្តាស៍នេះ ក៏សង្គេតឃើញថាមានដំណើរការល្អ និងមានភាពងាយស្រួលក្នុងការរៀនជាងការរៀននៅតាមអនឡាញ។ ពិសេសការរៀននៅសាលានេះបានកាត់បន្ថយភាពតានតឹងក្នុងការរៀនសូត្ររបស់សិស្សបានថែមកម្រិត។
កុមារី គឹម ជូលីណា អាយុ១០ឆ្នាំ ជាកូនសិស្សថ្នាក់ទី៦សិក្សានៅសាលាអន្តរទ្វីបអាមេរិកាំង យល់ឃើញថា ចាប់តាំងពីបានចូលរៀននៅសាលាផ្ទាល់ ការសិក្សារបស់ជូលីណាមានភាពប្រសើរជាងមុន ដោយរៀននៅក្នុងថ្នាក់ងាយស្រួលស្តាប់គ្រូពន្យល់មេរៀន អាចឲ្យសិស្សផ្ចង់អារម្មណ៍បានល្អ និងឆាប់យល់មេរៀនដែលលោកគ្រូអ្នកគ្រូពន្យល់ ពិសេសអាចឲ្យលីណាមានអារម្មណ៍សប្បាយរីករាយពេលបានជួបមិត្តរួមថ្នាក់របស់ខ្លួន។
ចំណែក កុមារា វុទ្ធ បញ្ញាសិទ្ធ អាយុ១២ឆ្នាំ ជាកូនសិស្សថ្នាក់ទី៨សិក្សានៅសាលាអន្តរទ្វីបអាមេរិកាំង យល់ឃើញថា ការរៀននៅសាលាផ្ទាល់គឺមានភាពងាយស្រួលជាងរៀននៅតាមអនឡាញ។ ការរៀននៅសាលា បានធ្វើឲ្យ បញ្ញាសិទ្ធ យល់មេរៀនច្បាស់ជាងរៀននៅតាមអនឡាញ ហើយការរៀននេះក៏មិនមានផលរំខានផ្សេងៗដូចការរៀនតាមអនឡាញដែលសិស្សជួបប្រទះកន្លងមកដែរ។
យុវតី លី នីហ្សា អាយុ១៥ ជាសិស្សថ្នាក់ទី១០សិក្សានៅវិទ្យាល័យបាក់ទូក បានថ្លែងថា ការរៀននៅសាលាផ្ទាល់គឺមានភាពប្រសើរឡើងជាងមុន ដោយបានផ្លាស់ប្តូរបរិយាកាសក្នុងការជំរុញដល់ការរៀនសូត្ររបស់ខ្លួនឲ្យល្អជាងការរៀនអនឡាញ។ ពេលរៀននៅសាលាអាចកាត់បន្ថយភាពតានតឹងក្នុងការរៀនសូត្រ នៅពេលជួបលោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់ ជាដើម។
សូមជម្រាបថា សាលារដ្ឋនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសបានបើកដំណើរការឡើងវិញហើយនៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១។ ការបើកដំណើរការសាលារៀនសាកល្បងកន្លងមក ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ក្រសួងអប់រំ ពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំ ដោយអាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ចំនួន២គឺ ភូមិសាស្រ្តដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន និងភូមិសាស្រ្តដែលមានហានិភ័យមធ្យមនិងខ្ពស់។
ក្រសួងអបរ់រំណែនាំឲ្យសាលារៀនទាំងអស់បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ ស្របតាមវិធានការសុខាភិបាល។ ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា៕