
ចិន៖ ថ្មីៗនេះ មានវីដេអូមួយ បានល្បីពេញបណ្តាញអ៊ីនធើណែតនៅប្រទេសចិន ដោយស្ត្រីម្នាក់មកពីស្រុក Hongtong ទីក្រុង Linfen ខេត្ត Shanxi បានរៀបការ ថ្លៃបណ្ណាការ គឺជ្រូក ២៨៨ ក្បាល ហើយជ្រូកនីមួយៗក៏ត្រូវបានបិទនឹងអក្សរ “សុភមង្គល“ ដ៏ធំ ដែលធ្វើឲ្យពិធីអាពាហ៍ពិពាហ៍នេះ អធិកអធមក្រៃលែង ក្លាយជាចំណុចពិភាក្សាដ៏ក្តៅគគុករបស់អ្នកនិយមលេងអ៊ីនធើណែត។
យោងតាមវីដេអូរបស់ "Shijianshipin" បានបង្ហាញថា ភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការបាននិយាយថា គាត់បានចូលរួមក្នុងពិធីមង្គលការរបស់គ្រួសារត្រកូល Liu ហើយនៅក្នុងពិធីមង្គលការ គាត់បានឃើញសត្វជ្រូកចំនួន ២៨៨ ក្បាលតម្រង់ជួរ ដោយមានបិទជាមួយអក្សរ “សុភមង្គល“ ដ៏ធំ ដែលធ្វើឱ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះក៏ជាលើកទីមួយដែលលោកបានឃើញ«ថ្លៃបណ្ណាការ»ពិសេសបែបនេះ។
បើតាមអ្នកដឹងសាច់រឿងបានលាតត្រដាងថា គ្រួសាររបស់ស្ត្រីនោះបើកកសិដ្ឋានចិញ្ចឹមជ្រូក ចំណែកឯខាងបុរសបើករោងចក្រកែច្នៃសាច់ ត្រូវបានគេវិនិច្ឆ័យថា អ្នកទាំងពីរ ”រៀបអាពាហ៍ពិពាហ៍បែបយុទ្ធសាស្ត្រ” ដោយចងសម្ព័ន្ធភាពគ្នា និងចង់ពង្រីកអាជីវកម្ម។
បន្ទាប់ពីវីដេអូនេះចេញភ្លាម បានធ្វើឱ្យមានការជជែកគ្នាយ៉ាងក្តៅគគុកដោយអ្នកនិយមលេងអ៊ីនធើណែតបាននិយាយថា "ថ្លៃបណ្ណាការនេះអស្ចា្យរណាស់!" "ពិតជាគ្រួសារអ្នកមាន ឬ ថ្លៃបណ្ណាការកសិដ្ឋានចិញ្ចឹមជ្រូកមួយ" ជាដើម៕