
ក្រចេះ៖មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ នៅថ្ងៃទី០១ ខែវិច្ឆិកា ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ បន្ទាប់ពីចាប់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន។
ជនដៃដល់ឈ្មោះ ទេព ហ៊ុយ អាយុ៤២ឆ្នាំ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ គឹម សុវណ្ណរិទ្ធ ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូប បានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ការចាប់ខ្លួននោះ ធ្វើឡើងក្រោយពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានលើកករណីនេះ។ដោយចាត់ទុកថាជាទង្វើរឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ។
គួរបញ្ជាក់ថា ករណីអំពើហិង្សាលើកុមារីដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះ បានធ្វើឲ្យងាប់ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំពើហិង្សា ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបថ្នូរឆ្កែមួយយប់ និង ចាប់បង្ខំឲ្យស៉ីអាចម៌ថែមទៀតផង៕